វីដេអូឃ្លីបដ៏រន្ធត់ ដែលបង្ហាញហេតុការណ៍សាឡាង១គ្រឿង ឆ្លងកាត់ទន្លេចៅប្រាយ៉ា ប្រទេសថៃ ស្ថិតក្នុងស្ថានភាពក្រឡាប់ទៅឆ្វេងស្តាំ នៅកណ្តាលទឹករលកបោកបក់ខ្លាំងៗ ធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ឃើញហើយពិតជារន្ធត់បុកពោះជំនួសអ្នកដំណើរនៅលើនោះយ៉ាងខ្លាំង។ ប៉ុន្តែ វីដេអូត្រូវបានបញ្ចប់ ដោយមិនដឹងថា លទ្ធផលនៃហេតុការណ៍នេះយ៉ាងណានោះទេ។
ជុំវិញករណីនេះ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មាន Daily News Online បានរាយការណ៍ថា ក្រុមហ៊ុន Supatra Boat Co., Ltd. បានបង្ហាញឱ្យឃើញពីវីដេអូឃ្លីប នៃឧប្បត្តិហេតុសាឡាង១គ្រឿង ខណៈកំពុងបម្រើការដឹកអ្នកដំណើរពី Wat Rakang ទៅកាន់ Tha Chang ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកក្កដា។
សាឡាងនេះ បានចេញដំណើរពីផែ Wat Rakhang ឆ្ពោះទៅកំពង់ផែ Tha Chang តាមផ្លូវធម្មតា។ ប៉ុន្តែ នៅពេលនោះ មានកប៉ាល់ដឹកអ្នកដំណើរធំមួយ បានបើកឆ្លងកាត់ ឆ្ពោះទៅ Wat Arun Ratchawararam បង្កឲ្យមានរលកធំៗ ដែលធ្វើឲ្យសាឡាងរងការប៉ះពាល់យ៉ាងខ្លាំង។
ទោះជាយ៉ាងណា អ្នកបើកបានព្យាយាមគ្រប់គ្រងស្ថានការណ៍នេះអស់ពីសមត្ថភាព ហើយបន្ទាប់ពីរលកសមុទ្របានរសាយ សាឡាងបានវិលមករកភាពប្រក្រតីវិញ និងមិនមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនក៏បានណែនាំអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលជួបរលកសមុទ្របែបនេះ ហើយផ្នែកនាយកដ្ឋានសុវត្ថិភាពផ្លូវសមុទ្រ ក៏ធ្វើការណែនាំដល់កប៉ាល់ដឹកអ្នកដំណើរធំៗនៅតាមដងទន្លេ សូមឲ្យបន្ថយល្បឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ទូកតូចៗផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@adhippv ไปเจอจากไอจีพี่คนนึง 🥹 Thaitanic #titanic #fyp #bangkok ♬ My Heart Will Go On (Love Theme from "Titanic") – Céline Dion