ជឿថាប្រិយមិត្តចាស់ៗ នៅចាំមិនភ្លេចនោះទេ តួសម្តែងជាអង្គរក្សរូបសង្ហានៅក្នុងរឿងភាគ «តុលាការមុខដែក» ដែលជាសាច់រឿងត្រូវបានចាក់ផ្សាយល្បីល្បាញខ្លាំង នៅក្នុងឆ្នាំ១៩៩០។ នោះគឺលោក ចិនចាវ ដែលជាអង្ករក្សដៃស្តាំ របស់លោក ប៉ាវ ចិនធៀន ដែលជាតុលាការមុខដែកដ៏ម៉ឺងម៉ាត់ មានឆន្ទៈការពារនូវភាពយុត្តិធម៌ជូនប្រជាជននៅក្នុងសង្គម និងមិនចូលចិត្តទង្វើស៊ីសំណូកសូកប៉ាន់ឡើយ។ ពិតណាស់ ដោយសារតែមានភាពវៃឆ្លាត ភាពប៉ិនប្រសព្វ និងមានចំណេះដឹងខាងវិជ្ជាគុន លោក ចិនចាវ នៅពេលនោះ បានឆក់យកបេះដូងនារីៗនៅអាស៊ី មិនតិចនាក់នោះទេ។
ទោះជាយ៉ាងណា លោក Kenny Ho ឬហៅថា ចិនចាវ ត្រូវបានចាត់ទុកថាមានកេរ្តិ៍ឈ្មោះប្រៀបដូចខ្លែង ជួបនឹងខ្យល់បក់បោក ដោយលោកត្រូវជាប់គាំងនឹងអាជីព ព្រោះតែបានបំពានលើក្រុមហ៊ុនភាពយន្តដ៏ធំមួយ។ ក្រោយមក ទោះជាខំប្រឹងស្តារកេរ្តិ៍ឈ្មោះឡើងវិញក៏ដោយ ក៏តារាប្រុសរូបនេះនៅតែមិនអាចទទួលបានតំណែងចាស់ដដែល។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ខែរបស់ Kenny Ho នៅពេលនោះ គឺទាបខ្លាំងណាស់។
លោក Kenny Ho បានចែករំលែកថា គាត់បានចុះកិច្ចសន្យាធ្វើការ ១៥០ ម៉ោង/ឆ្នាំ ប៉ុន្តែការពិត គាត់ធ្វើការលើសពី ១០ ម៉ោង/ថ្ងៃ។ ជាក់ស្តែង លោកបាននិយាយថា “ញើស ទឹកភ្នែក ពេញមួយខែ គឺទទួលបានប្រាក់តែប៉ុន្មានរយហុងកុងប៉ុណ្ណោះ”។
ដូច្នេះហើយ ក្នុងឆ្នាំ ២០១៤ លោក Kenny Ho បានចូលនិវត្តន៍ពីអេក្រង់ភាពយន្ត។ គាត់បានប្រថុយនឹងការចំណាយ ៣.៨ លានដុល្លារអាមេរិក ដើម្បីងាកទៅរកអាជីវកម្មអាហារស្អាត និងធញ្ញជាតិ។ តារាសម្តែងរូបនេះបានសហការជាមួយមិត្តជិតស្និទ្ធរបស់គាត់ ដើម្បីបើកអាជីវកម្ម Glass House ដែលគ្របដណ្តប់លើផ្ទៃដីជាង 54,000 m2 ហ៊ុំព័ទ្ធដោយភ្នំ និងព្រៃឈើនៅក្នុងខេត្ត Guangdong ។ ជាមួយនឹងការសម្រេចចិត្តនេះ បានធ្វើលោក «ចិនចាវ» ផ្លាស់ប្តូរទំព័រជីវិតថ្មី។
លោក Kenny Ho បានប្រាប់ត្រង់ៗថា ការវិនិយោគលើមុខជំនួញ បានជួយឱ្យគាត់ទទួលបានទ្រព្យសម្បត្តិ ដែលគាត់មិនអាចរកបានពេញមួយជីវិតរបស់គាត់ ក្នុងនាមជាតារាសម្តែង។ បន្ទាប់ពីធ្វើជំនួញអស់រយៈពេលជិត ១០ឆ្នាំមក តារាសម្តែងវ័យ ៦៤ ឆ្នាំរូបនេះ បានក្លាយទៅជាអ្នកជំនួញដ៏ល្បីល្បាញនៅទីក្រុង Huizhou ខេត្ត Guangdong (ប្រទេសចិន)។ គាត់មានរោងចក្រផលិតធំមួយ ហើយប្រែក្លាយរោងចក្ររបស់គាត់ ទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ក្នុងមួយឆ្នាំៗ លោក Kenny Ho ទទួលបានប្រាក់ចំណេញរាប់លានដុល្លារ។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់គាត់ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៧ លានដុល្លារអាមេរិក។
ធ្លាប់ជា “សុបិន” របស់អ្នកគាំទ្រស្រីរាប់លាននាក់នៅអាស៊ី ប៉ុន្តែអស់រយៈពេលជាច្រើនទស្សវត្សរ៍មកនេះ លោក Kenny Ho នៅតែរក្សាបានជា “សុភាពបុរសឯកា” ពោលគឺក្រោយទំនាក់ទំនងស្នេហាបែកបាក់គ្នា គាត់កាន់តែលាក់លៀមអំពីជីវិតឯកជនរបស់គាត់។
ជាក់ស្តែង នៅលើទំព័រផ្ទាល់ខ្លួន លោក Kenny Ho តែងឧស្សាហ៍ចែករំលែករូបភាពជីវិតប្រចាំថ្ងៃរបស់គាត់ ប៉ុន្តែមិនដែលនិយាយអំពីរឿងស្នេហា និងគ្រួសារអ្វីឡើយ។ នេះធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ដឹងជាខ្លាំង ពីជីវិតឯកជនរបស់គាត់។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុងឱកាសដ៏កម្រមួយនៅចុងឆ្នាំ ២០២១ លោក Kenny Ho ស្រាប់តែឆ្លើយតបទៅនឹងអ្នកគាំទ្រម្នាក់ថា “កូនស្រីរបស់ខ្ញុំចាស់ជាងអ្នកណា៎!” ។ នៅពេលនោះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលចំពោះការចេញមកនិយាយរបស់តារារូបនេះ ព្រោះថាលោកត្រូវបានគេនិយាយថានៅម្នាក់ឯងយូរមកហើយ។
បន្ទាប់មក នៅខែតុលា ឆ្នាំ ២០២២ លោក Kenny Ho ក៏បានបង្ហោះសារជូនពរថ្ងៃកំណើតម្តងទៀតសម្រាប់ “កូនស្រី” ។ ជាពិសេសនៅលើ Weibo គាត់បានសរសេរថា “ឆាប់ធំឡើង Baby! រីករាយថ្ងៃកំណើត! អ្វីគ្រប់យ៉ាងជាកម្លាំងចិត្តសម្រាប់ខ្ញុំ!” អមដោយរូបភាពឪពុកកាន់ឆ័ត្រដើម្បីការពារកូនស្រីតូចរបស់គាត់ពីភ្លៀង។
ក្រោមការបង្ហោះនេះ អ្នកនិយមលេងអ៊ីនធឺណេតបាននាំគ្នាចូលទៅខមិនថា៖ «ជំរាបសួរ លោកឪពុក ពោរពេញដោយក្តីស្រលាញ់ និងភាពកក់ក្តៅ» «រីករាយថ្ងៃខួបកំណើតព្រះនាងតូច»។ រីឯអ្នកខ្លះទៀតថា «នេះជាប្រហែលជាកូនស្រី Zhan Zhao ? ។ ទន្ទឹមនឹងនោះ មតិជាច្រើនទៀត ក៏បានសន្និដ្ឋានថា លោក Kenny Ho បានរៀបការដោយសម្ងាត់ និងមានកូនស្រីម្នាក់ ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីការពារឯកជនភាពរបស់គ្រួសារគាត់។
តែបើទោះជាមានមតិសាធារណជន បានលើកឡើងបែបណាក៏ដោយ ក៏លោក Kenny Ho នៅស្ងៀមជាដាច់ខាត ជំនួសឱ្យការឆ្លើយថា បាទ ឬអត់។ ផ្ទុយទៅវិញ លោកតែងបង្ហោះរូបភាពការងារ ធ្វើដំណើរតែម្នាក់ឯង និងរស់នៅយ៉ាងសប្បាយរីករាយ និងមានសេរីភាព។
ជាមួយគ្នានេះផងដែរ គេក៏បានមើលឃើញថា ទោះមានអាយុជាង ៦០ ឆ្នាំ ហើយក៏ដោយ ប៉ុន្តែ លោក ចិនចាវ ហាក់នៅតែរក្សារាង និងទម្រង់លេងខ្លួនយ៉ាងល្អ មិនចាស់សោះ។ គាត់បានចែករំលែកថា អាថ៌កំបាំងគឺស្ថិតនៅក្នុងរបៀបរស់នៅដ៏តឹងរ៉ឹង ស្មារតីសុទិដ្ឋិនិយម រួមបញ្ចូលគ្នាជាមួយនឹងការហាត់ប្រាណ បាល់ទាត់ និងអាហារបួស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























