ក្មេងស្រីលក់ពងទានៅតាមចិញ្ចើមផ្លូវ ទាំងកណ្តាលយប់ និងឆ្លៀតអានសៀវភៅ បានទាក់ទាញការចាប់អារម្មណ៍ ពីអ្នកបើកបរជាច្រើន ហើយរូបភាពរបស់នាង ក៏ទទួលបានការចុច Like ជិត ៥ ម៉ឺននាក់ នៅលើវេទិការអនឡាញផង។
នៅវេលាម៉ោងប្រហែល ១០ យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក ដាវ វៀតបាច (អាយុ២៩ឆ្នាំ) បានបើករថយន្តចេញពីក្រុមហ៊ុនទៅផ្ទះ។ ពេលឈប់ភ្លើងក្រហមនៅផ្លូវប្រសព្វរវាង Truong Cong Giai និង Cau Giay គាត់បានប្រទះឃើញក្មេងស្រីម្នាក់កំពុងលក់ពងទា នៅលើចិញ្ចើមផ្លូវ ធ្វើឱ្យគាត់ភ្ញាក់ផ្អើល និងចង់ដឹងពីស្ថានភាពជីវិតរស់នៅរបស់នាងយ៉ាងខ្លាំង។
លោក បាច បានពណ៌នាថា ក្មេងស្រីនោះ «រាងតូច ស្គម» នាងប្រហែលជាសិស្សមធ្យមសិក្សាហើយ។ នៅពីមុខនាង មានថង់ពងជាច្រើនដាក់លើចំបើង ហើយខណៈពេលនោះ នាងតូចនៅតែផ្តោតទៅលើការអានសៀវភៅ និងកត់ត្រាទុកក្នុងសៀវភៅកត់ត្រាតូចមួយនៅលើភ្លៅរបស់នាង។ លុះគិតដល់ថា ផ្ទះទើបតែអស់ពង លោក បាច ក៏បានឈប់ឡានទិញ និងសួរនាំថា៖
-លោក បាច៖ លក់ឲ្យពូមួយថង់មក ហើយមួយថង់ប៉ុន្មានដែរ?
-ក្មេងស្រី៖ ចា៎ពូ មាន១ថង់ ៣ម៉ឺនដុង (ជិត១ដុល្លារ) និង ១ម៉ឺន៥ពាន់ដុង (ជាង៤ដុល្លារ)
-លោក បាច៖ តើក្មួយស្រីកំពុងរៀនមែនទេ?
-ក្មេងស្រី៖ ចា៎! ខ្ញុំកំពុងធ្វើលំហាត់ និងមើលមេរៀនឡើងវិញខ្លះ នៅពេលខ្ញុំទំនេរ។ ផ្ទះខ្ញុំនៅ Vinh Phuc ឆ្លៀតពេលវិស្សមកាលរដូវក្ដៅ ខ្ញុំជួយជួយម្ដាយលក់ពង។
សម្ដីរបស់ក្មេងស្រីរូបនេះ បានធ្វើឲ្យចាក់ដោតបេះដូងលោក បាច ហើយគាត់កោតសរសើរចំពោះការតស៊ូរបស់នាងយ៉ាងខ្លាំង។ ក្មេងស្រីនេះ បានប្រញាប់រើសពងទាដាក់ក្នុងថង់ រួចប្រគល់ឱ្យលោក បាច។
លោក បាច បានបង្ហោះក្នុងបណ្តាញសង្គមថា៖ «ដោយក្តីអាណិត ខ្ញុំក៏បានឲ្យលុយនាងបន្ថែមផងដែរ ប៉ុន្តែ នាងបដិសេធទទួលយកទេ ដោយបានដើរត្រឡប់ទៅផ្ទះវិញ បន្ទាប់អស់ពងលក់។ ទោះជាយ៉ាងណា រឿងនេះ ធ្វើឲ្យខ្ញុំនឹកឃើញកាលពីប៉ុន្មានខែមុន នៅថ្ងៃ OT (ថែមម៉ោង) ត្រលប់មកផ្ទះយប់ជ្រៅ ខ្ញុំក៏បានជួបសន្តិសុខនៅបន្ទប់ក្រោមដីរបស់ក្រុមហ៊ុន – ប្រហែលជាសិស្សធ្វើការក្រៅម៉ោង ក៏បានធ្វើលំហាត់គណិតវិទ្យាផងដែរ»។ លោកបន្តថា៖ «ខ្ញុំជឿថា នៅក្នុងជីវិតដ៏លំបាក អ្នកដែលព្យាយាមជម្នះការលំបាក នឹងប្រាកដជាជោគជ័យនៅថ្ងៃអនាគត។ ខ្ញុំខ្លួនឯងមានអ្វីៗ ចុះហេតុអ្វីបានជាខ្ញុំមិនអាចរៀនបាន?»។
ក្រោយការបង្ហោះរឿងដ៏គួរឲ្យទាក់ទាញអំពីក្មេងស្រីលក់ពង ឃើញថាទទួលបានការចែករំលែករាប់ពាន់ពីសហគមន៍អនឡាញ ខណៈមតិជាច្រើនបានសរសើរការតស៊ូ និងថាមពលដ៏អស្ចារ្យ របស់ក្មេងស្រីកំសត់រូបនេះ។
ក្នុងនោះ មតិមួយចំនួនបានសរសើរទាំងអ្នកបើកបរ និងក្មេងស្រីលក់ពងថា៖ «ស្ងើចសរសើរចំពោះទឹកចិត្តរៀនសូត្ររបស់កូនតូចនេះណាស់! ខ្ញុំសង្ឃឹមថាកូនៗរបស់ខ្ញុំក៏យល់ពីជីវិតដ៏លំបាកបែបនេះដើម្បីរៀនពូកែ សូមជូនពរក្មួយស្រីមានសុខភាពល្អ សេចក្ដីសុខ និងជោគជ័យ, អ្នកបើកបរមានចិត្តសប្បុរស សូមបួងសួងឱ្យនាងតូចមានជីវិតល្អទៅថ្ងៃអនាគត, អានហើយនឹកដល់កាលនៅក្មេង ទៅឃ្វាលគោ យកសៀវភៅតាម ដើម្បីមើលមេរៀន, ខ្ញុំវិញជិះកង់ទៅលក់ស្ករតាមផ្សារ យកសៀវភៅមករៀនដែរ កំសត់ណាស់!, អ្នកក្រត្រូវតែសម្របខ្លួនបែបនេះ ខ្ញុំសូមជូនពរឱ្យអ្នកមានអនាគតល្អ,…»។
លោក Bach បាននិយាយថា៖ «មានបងប្អូនជាច្រើនបានទាក់ទងមក inbox របស់ខ្ញុំ ដើម្បីសុំអាសយដ្ឋានលម្អិតដើម្បីជួយទិញពងរបស់នាង។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចង់រៀនរបស់ប្អូនស្រី ក៏បានជំរុញទឹកចិត្តមនុស្សជាច្រើន ពេលត្រលប់មកផ្ទះវិញ ខិតខំប្រឹងប្រែងជំនះការលំបាក និងទុក្ខលំបាក ដើម្បីក្រេបយកចំណេះដឹងផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង