ដូចដែលប្រិយមិត្តបានដឹងហើយ ទាក់ទងករណីបុរសម្នាក់ ចូលកាត់ទំពាំង៤គល់ ដើម្បីយកមកស្លហូប ហើយត្រូវបានម្ចាស់ចំការប្ញស្សីតាមទាន់ ថតវីដេអូឲ្យធ្វើត្រាប់សកម្មភាពលួចឡើងវិញ បានក្លាយជារឿងក្តៅគគុកល្បីពេញប្រទេស ខណៈមហាជនជាច្រើនបានរិះគន់ និងប្រើពាក្យជេរធ្ងន់ៗ ទៅលើស្រ្តីម្ចាស់ចំការឡើងកក្រើកតែម្តង។ ក្នុងនោះ មនុស្សជាច្រើនបានសម្តែងការស្អប់ស្រដៀងគ្នាបែបនេះថា «គ្រាន់តែទំពាំងពីរបីគល់ គ្នាយកទៅស្លហូបសោះ ដល់ថ្នាក់ធ្វើបែបនេះ ដូចទោសធ្ងន់ធ្ងរ ហេតុអ្វីក៏គ្មានធម៌មេត្តាសោះអ៊ីចឹង,…»។
តែទទ្ទឹមនឹងឃើញមតិមហាជនស្ទើរមួយនគរ បានផ្ទុះការរិះគន់ខ្លាំងៗ ទីបំផុត ស្រ្តីម្ចាស់ចំការ ក៏បានចេញមុខសុំទោស ចំពោះទង្វើដែលខ្លួនបានធ្វើដ៏ហាក់ជ្រុលនេះ និងក៏បានបញ្ជាក់ថា គាត់សម្រេចថតបង្ហោះបែបនេះ ក៏ព្រោះតែចោរបានលួចទំពាំងរបស់គាត់អស់រយៈពេល ៤ ឆ្នាំ ហើយ គ្មានដែលទទួលបានផលអ្វីនោះទេ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយស្រ្តីម្ចាស់ចំការ បានចេញមុខសុំទោស ដើម្បីសុំបញ្ចប់រឿង ក៏ស្រាប់តែឃើញអាជ្ញាធរមូលដ្ឋាន និងក៏ដូចព្រះសង្ឃ បានយកអំណោយមួយចំនួន ទៅឧបត្ថម្ភដល់បុរសដែលត្រូវបានចោទថាលួចទំពាំង ខណៈមានសប្បុរសជនដទៃទៀត ក៏បានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ដែលអំណោយទាំងនោះរួមមាន៖ អង្ករ ទ្បេលាបខ្លួន និង លុយជាដើម។ ពិតណាស់ ក្រោយពីបានឃើញមានសប្បុរសជននាំគ្នាធ្វើរឿងនេះ ក៏មានមនុស្សមួយចំនួន បានសម្តែងការហួសចិត្តថា «ស្រុកខ្ញុំប្រែហើយ អ្នកលួចទំពាំងបានអំណោយហូរហែ រីឯម្ចាស់ដាំមើលថែកំពុងជោគជាំនឹងគេជេរ ប្លែកអ្វីម្ល៉េះលោកអើយទេ!»។
ក្នុងនោះ គណនីហ្វេសប៊ុកមួយ ក៏បានលើកឡើងយ៉ាងចាក់ដោតថា៖ «សុភាសិតត្រូវទៀត “លួចគេវាគ្រាន់ ពេលគេតាមទាន់វាក្រែល”… នៅណាមានទំពាំង ចង់ទៅលួចដែរ លួចគេបានអំណោយ ម្ចាស់ទ្រព្យបានគេជេរ… សង្គមមួយនេះ កំពុងក្រឡាប់ចាក់ហើយ ចោរណាក៏ចេះនិយាយដែរ ខ្ញុំក្របានលួច ខ្ញុំអត់បានលួច ទើបលួចតែម្តងទេ… ចុះបើអត់ម៉េចមិនសុំគេ មិនដឹងលួចប៉ុន្មានដងហើយទេ! ថ្ងៃនេះលួចទំពាំង ថ្ងៃក្រោយលួចអីវិញ (លួចគឺលួចហើយ បែជានាំគ្នាលើកទឹកចិត្តចោរ ព្រោះតែចោរក្រ ចោរអត់?) ទស្សនៈខ្ញុំទេ ទទួលបានយក ទទួលមិនបានអូសចោលទៅ ខ្ញុំមិនស្អប់អ្នកក្រ អ្នកអត់ទេ តែខ្ញុំស្អប់អ្នកដែលចូលចិត្តលួច លួចគឺជាចោរ, អ្នកដែលគេចំណាយទុនដាំដុះព្រោះចង់បានផល , ស្មានតែម្ចាស់ចំការហ្នឹង ធ្លាក់លុយពីលើមេឃមកអ្ហី សួរមើល បើមិនជំពាក់ធនាគារដែរ»។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺថារឿងទំពាំង បានធ្វើឲ្យមានការចាប់អារម្មណ៍ទៀតហើយ ខណៈថ្មីៗនេះ (ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣) ស្រ្តីម្ចាស់ចំការបានថតវីដេអូបង្ហាញរូបភាពជាក់ស្តែង ឲ្យបងប្អូនបានឃើញថា ទំពាំងរបស់គាត់ ត្រូវបានចោរលួចកាចស្ទើរអស់រលីងពីចំការហើយ ដោយក្នុងមួយគុម្ភៗ ប្ញស្សី សឹងតែគ្មានសល់មួយគល់ទំពាំងនោះទេ។
ក្រោយពីបានឃើញទំពាំងរបស់ខ្លួន ត្រូវបានគេគាស់ស្ទើរគ្មានសល់បែបនេះ ស្រ្តីម្ចាស់ចំការក៏បាននិយាយថា ភូមិនេះសឹងតែក្លាយជាភូមិចោរហើយ! ព្រោះតែអាជ្ញាធរ និងសប្បុរសជន ផ្តល់ការគាំទ្រ លើកទឹកចិត្តអ្នកលួច អ៊ីចឹងហើយ បានជាអ្នកលួចមិនខ្លាច បន្តលួចទំពាំងរបស់គាត់ជាហូរហែបែបនេះទៀត ក្រែងបានល្បីឈ្មោះ ទទួលបានអំណោយដូចបុរសម្នាក់មុនដែរ។ ស្រ្តីម្ចាស់ចំការក៏បានសម្តែងការអស់ជំនឿចិត្តផងដែរ ព្រោះពេលគាត់ទៅស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ចំពោះករណីលួចឥតស្បើយនេះ តែអាជ្ញាធរហាក់មិនចំណាត់ការអ្វីសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








