នេះជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំង ខណៈបានដឹងថា កូនកំលោះម្នាក់បានចំណាយលុយជាថ្លៃបណ្ណាការ រហូត ១៨ ម៉ឺនយន់ (ស្មើជាង ២ ម៉ឺនដុល្លារ) ដើម្បីរៀបការជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់។ ប៉ុន្តែ បែរជាមានរឿងភ្ញាក់ផ្អើល និងស្រឡាំងកាំង រហូតមនុស្សមួយចំនួន សើចចំអកថា ហេតុអ្វីបានជាបុរសរូបនេះហ៊ានជះទឹកលុយថ្លៃបណ្ណាការច្រើនដល់ម្ល៉ឺង ជ្រើសរើសយកនារីម្នាក់នេះជាគូ តើមានមូលហេតុអ្វីទៅន៎?។
ទាក់ទងរឿងនេះ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ គេហទំព័រ eva.vn បានលាតត្រដាងឲ្យដឹងថា រឿងរ៉ាវរបស់គូស្នេហ៍មួយគូនៅក្នុងខេត្ត Henan ប្រទេសចិន ដែលកូនកំលោះបានចំណាយប្រាក់រហូតដល់ 180,000 យន់ ជាថ្លៃបណ្ណាការដល់កូនក្រមុំ បានធ្វើមានការភ្ញាក់ផ្អើលជាខ្លាំង។ ព្រោះថា នេះមិនមែនជាចំនួនតិចតួចទេ បើប្រៀបធៀបទៅនឹងកម្រិតថ្លៃបណ្ណាការក្នុងស្រុកធម្មតា។ ហើយអ្វីដែលធ្វើឱ្យមិត្តភក្តិ និងសាច់ញាតិខាងកូនកំលោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺនៅពេលដឹងការពិតថា កូនក្រមុំជាមនុស្សគ មិនអាចទំនាក់ទំនងដូចមនុស្សធម្មតាបាន។
ក្រោយពីបានដឹងរឿងនេះ អ្នកខ្លះថែមទាំងសើចចំអកកូនកំលោះថា ចំណាយលុយច្រើនហួសហេតុ រៀបការជាមួយនារីមិនធម្មតាបែបនេះ។ តែទោះជាយ៉ាងណា កូនកំលោះមិនអើពើនឹងការនិយាយដើមទាំងនោះទេ។ ផ្ទុយទៅវិញ ពេលធ្វើដំណើរទៅទទួលកូនក្រមុំដល់ផ្ទះ គាត់ក៏បានប្រាប់អ្នកនៅជុំវិញខ្លួនថា កូនក្រមុំរបស់គាត់មិនអាចនិយាយបាន នាងគ និងបានក្រើនរំលឹកអ្នករាល់គ្នាកុំនិយាយពាក្យ «ល្ងង់» ដើម្បីកុំឱ្យខូចចិត្តកូនក្រមុំក្នុងថ្ងៃដ៏រីករាយ។
សួរថាហេតុអ្វីបានជាកូនកំលោះជ្រើសរើសរៀបការជាមួយនារីម្នាក់នេះ? តាមមើលឃើញថា ទោះបីជាកូនក្រមុំមានបញ្ហាក្នុងការទំនាក់ទំនងក៏ដោយ ប៉ុន្តែនាងជានារីដែលស្រស់ស្អាតគួរឱ្យទាក់ទាញ។ នាងមានស្បែកសរលោង ទម្រង់មុខស្អាតដូចគំនូរ បុគ្គលិកលក្ខណៈលេចធ្លោ ស្នាមញញឹមរបស់នាងគឺភ្លឺដូចព្រះអាទិត្យនិទាឃរដូវអ៊ីចឹង ធ្វើឱ្យអ្នកដទៃពិបាកបដិសេធស្រលាញ់នាងណាស់។
កូនកំលោះក៏បានិយាយថា បើទោះជាកូនក្រមុំមិនអាចនិយាយបាន។ ប៉ុន្តែនាងមានចរិតសុភាព ស្លូតបូត និងឧស្សាហ៍ព្យាយាម។ នាងមានការអប់រំ មានចំណេះដឹង ហើយស្ថានភាពគ្រួសាររបស់នាងក៏ល្អដែរ ដែលធ្វើឱ្យគាត់មានអារម្មណ៍ថា នាងគឺជាមនុស្សស្រីម្នាក់ ដែលធ្វើឲ្យគាត់ត្រូវសន្យាថា នឹងស្រឡាញ់ មើលថែនាងឱ្យល្អ ដើម្បីឱ្យនាងមានជីវិតសប្បាយរីករាយ។
ទោះបីជាយ៉ាងណា ពេលដែលអ្នកនិយមលេងអ៊ីនធឺណិត បានឃើញរូបភាពរបស់កូនក្រមុំ អ្នកទាំងអស់គ្នាបានចូលរួមអបអរសាទរ និងជូនពរអ្នកទាំងពីរថា៖ «កូនក្រមុំស្អាតដូចទេវតា, រៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាតបែបនេះ កូនកំលោះមានសំណាងណាស់ ទោះនាងបែបណា!, ច្រណែនកូនកំលោះណាស់ ខ្ញុំសង្ឃឹមថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងល្អរហូតដល់ចាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

