តាកែវ៖ ថ្លែងនៅក្នុងពិធីប្រកាសដេញថ្លៃភាស៊ីទីតាំងសត្តឃាត និងភាស៊ីផ្សារទូរទាំងខេត្តតាកែវ សម្រាប់ធ្វើអាជីវកម្មក្នុងឆ្នាំ២០១៨ នៅសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវនាថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នេះលោក យស ណាស៊ី អភិបាលរងខេត្តតាកែវ បានមានប្រសាសន៏ថា ម្ចាស់អាជីវកម្មដែលធ្វើការដេញថ្លៃបាននៅតាមទីតាំងនិមួយៗ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់លើការសំអាត និងអានាម័យនៅក្នុងផ្សារ ក៏ដូចជាកន្លែងពិឃាតសត្វ ពីព្រោះសុវត្តិភាព ចំណីអាហារ គឺចាំបាច់ខ្លាំងណាស់ដែលមនុស្សម្នាក់ត្រូវការបរិភោគជាប្រចាំ បើសិនជាទីតាំងរបស់យើងគ្មានអនាម័យល្អ វាអាចបង្ករអោយមានការប៉ះពាល់សុខភាពដល់ពលរដ្ឋដែលធ្វើការបរិភោគម្ហូបអាហារទាំងនោះ ដូច្នេះដើម្បីចូលរួមកាត់បន្ថយនៅផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ទីតាំងទាំងអស់ត្រូវតែគិតគូរចាំបាច់លើកត្តាអនាម័យខ្ពស់ នៅតាមផ្សារ និងនៅក្នុងកន្លែងពិឃាតសត្វ ។
លោក យស ណាស៊ី បានមានប្រសាសន៏ទៀត ម្ចាស់អាជីវកម្មទាំងអស់ដែលដេញថ្លៃបាន ត្រូវតែគោរពទៅតាមគោលការណ៏ និងលក្ខ័ណ្ឌនៃកិច្ចសន្យាដែលបានចុះជាមួយនិងមន្ទីរជំនាញ មួយវិញទៀតត្រូវអនុវត្តន័នៅអ្វីដែលសៀវភៅបន្ទុកបានកំណត់ មិនត្រូវទារថ្លៃភាស៊ី ខុសពីសៀវភៅបន្ទុកឡើយ ។ តែបើសិនជាម្ចាស់អាជីវកម្មណាមួយមិនគោរពតាម និងកិច្ចសន្យា ហើយល្មើសខុសពីសៀវភៅបន្ទុកនោះ គណៈកម្មជំនាញអាចមានសិទ្ធិលុបកិច្ចសន្យាជាមួយនិងម្ចាស់អាជីវកម្មបានគ្រប់ពេល ។
លោក ហោ បុណ្ណវឌ្ឍន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានប្រាប់អោយអ្នកសារពត័មានដឹងថា ក្នុងការប្រកាសដេញថ្លៃនេះដែរគឺ មានអាជីវកដេញថ្លៃភាស៊ីផ្សារមានចំនួន ១០នាក់ ដេញថ្លៃភាស៊ីផ្សារចំនួន ៨ក្នុងខេត្តខណៈខេត្តមានផ្សារសរុបចំនួន២២ផ្សារ និងអាជីវករចំនួន ៣៣នាក់ទៀតបានដាក់ដេញថ្លៃលើទីតាំងសត្តឃាតចំនួន ១០ទីតាំងទូរទាំងខេត្ត ខណៈដែលខេត្តមានកន្លែងពិឃាតសត្វចំនួន ១៧ទីតាំង៕ តាកែវ