នេះជារឿងដ៏ភ្ញាក់ផ្អើល ខណៈដែលបានឃើញក្នុងវីដេអូបានបង្ហាញក្រុមអ្នកដំណើរជាច្រើន នាំគ្នាឈប់រើសប្រមូលលុយដាក់ក្នុងហោប៉ៅរបស់ពួកគេរៀងៗខ្លួន ដែលលុយទាំងនោះត្រូវបានដឹងថាមានសាច់ប្រាក់ចំនួន ៧១,៩៥៧ ដុល្លារអាមេរិក បានជ្រុះរាយប៉ាយនៅលើផ្លូវឆ្នេរភាគខាងត្បូង នៃទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
យោងតាមសមត្ថកិច្ចហ្វីលីពីនបានឲ្យដឹងថា លុយដែលមានចំនួនរាប់ម៉ឺនដុល្លារទាំងនោះ គឺជារបស់អ្នកប្រមូលលុយម្នាក់ដែលគេស្គាល់ថាលោក John Mark Barrientos ។ គាត់ធ្វើការឱ្យមជ្ឈមណ្ឌលផ្ទេរប្រាក់ នៅក្នុងផ្សារទំនើបមួយនៅ SRP ហើយកំពុងធ្វើដំណើរតាមម៉ូតូទៅកាន់ទីក្រុង Mandaue ។
នៅក្នុងបទសម្ភាសន៍មួយនៅលើស្ថានីយ៍វិទ្យុក្នុងស្រុក xFm លោក Barrientos បាននិយាយថា គាត់កំពុងនាំយកសាច់ប្រាក់ជាង 4 លាន P ដោយដាក់ក្នុងកាបូបរបស់គាត់ ប៉ុន្តែ នៅពេលនោះ ស្រាប់តែខ្សែរ៉ូតបានដាច់ភឹងភ្លាមៗតែម្តង។
គាត់បាននិយាយទាំងទឹកមុខក្រៀមក្រមុំថា៖ “ខ្ញុំឃើញលុយហើរចេញពីកញ្ចក់ចំហៀង ភ្លាមៗនោះខ្ញុំក៏ឈប់រើស ប៉ុន្តែពេលនោះ មានអ្នកផ្សេងក៏បានចុះប្រមូលលុយដែរ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងជួយរើសយកឲ្យខ្ញុំវិញ ប៉ុន្តែ ពួកគេបានរើសដាក់ហៅប៉ៅរបស់ពួកគេទៅវិញ ខ្ញុំមិនមានលុយគ្រប់ចំនួនបង់ឲ្យថៅកែទេ»។
វីដេអូដែលថតបានពីកន្លែងកើតហេតុ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងឆាប់រហ័ស និងមានមតិឆ្លើយតបចម្រុះចំពោះហេតុការណ៍នេះ។ ក្នុងនោះ គេបានលើកឡើងថា ពលរដ្ឋល្អមួយចំនួនត្រូវបានគេសង្កេតឃើញប្រញាប់ប្រញាល់ទៅជួយប្រមូលក្រដាសប្រាក់ដែលរាយប៉ាយពាសពេញផ្លូវហាយវេឲ្យម្ចាស់វិញ ប៉ុន្តែអ្នកផ្សេងភាគច្រើនទៀតឆក់ឱកាសរើសយកដាក់ក្នុងហោប៉ៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ។
លោក Jonathan Taneo មេប៉ូលិសប៉ុស្តិ៍ Mambaling បានចេញសេចក្តីប្រកាស សូមឲ្យសាធារណជន ជួយប្រគល់លុយដែលនៅសេសសល់ជូនអាជ្ញាធរផង ព្រោះថា ខណៈពេលនេះអាជ្ញាធរក៏កំពុងពិនិត្យមើលវីដេអូ និងវីដេអូ CCTV ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលមានវត្តមានក្នុងពេលកើតហេតុផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង