កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ South China Morning Post បានចុះផ្សាយឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ វីដេអូឃ្លីបនៃគ្រាដ៏រន្ធត់ និងគួរឲ្យរំភើបចិត្តបំផុតមួយ ត្រូវបានចែករំលែកជាមួយនឹងការសរសើរជាខ្លាំង នៅលើវេទិកាអនឡាញរបស់ចិន។ នោះគឺនៅពេលដែលបានឃើញគូស្នេហ៍មួយគូ កំពុងប្រឈមមុខនឹងជីវិត ខណៈរថយន្តរបស់ពួកគេត្រូវបានលិចលង់ក្នុងចរន្តទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ខាងប្រុសនោះបានជ្រើសរើសប្រថុយជីវិត ដើម្បីឲ្យគូដណ្តឹងបានរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Henan នៅភាគកណ្តាលនៃប្រទេសចិន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែលមានទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ហក់ឡើងភ្លាមៗ និងទឹកហូរយ៉ាងខ្លាំងតែម្តង។ ប៉ុន្តែ អ្វីដែលគួរឲ្យស្លុតរន្ធត់នោះ គឺគូស្នេហ៍មួយគូ ស្រាប់តែបានក្លាយជាជនរងគ្រោះ ឈរឱបគ្នាចេញតាមដំបូលរថយន្តទំនើបរបស់ពួកគេ ដែលស្ទើរលិចទាំងស្រុង ក្នុងកណ្តាលចរន្តទឹកកំពុងហូរខ្លាំង។ ខណៈពេលដែលកំពុងរង់ចាំជំនួយពីអ្នកជួយសង្គ្រោះក្នុងតំបន់ បុរសនោះបានកាន់ដៃនារីជាគូដណ្តឹងយ៉ាងតឹង ខណៈដៃម្ខាងទៀតកាន់លើកន្លែងការពារនៃរថយន្ត។
ក្រុមសង្គ្រោះមានការលំបាកក្នុងការទៅដល់ជនរងគ្រោះទាំងពីរនាក់ ខណៈស្ថានភាពកំពុងមានការព្រួយបារម្ភខ្លាំង ព្រោះរថយន្តហៀបនឹងលិចទៅហើយ។ មន្ត្រីបានសម្រេចប្រើដ្រូន ដើម្បីបញ្ជូនអាវពោង និងខ្សែសុវត្ថិភាពសម្រាប់អ្នកទាំងពីរទាញឡើងលើច្រាំង។ ទោះយ៉ាងណាក៏ដោយ មានតែ Drone មួយប៉ុណ្ណោះដែលអាចដឹកជញ្ជូនបានក្នុងពេលតែមួយ។ ខណៈការឧបករណ៍សង្គ្រោះបានមកដល់ ដំបូងគឺយុវជននោះប្រញាប់បំពាក់អាវពោងឲ្យគូដណ្តឹងភ្លាមៗ ដើម្បីឲ្យក្រុមសង្ក្រោះទាញនាងឡើងគោកទៅមុន ខណៈរូបគេនៅលើរថយន្តម្នាក់ឯង រង់ចាំការជួយសង្គ្រោះបន្ទាប់។ ពិតជាសំណាងណាស់ បុរសនោះក៏ត្រូវបានផ្តល់អាវពោងបន្ទាប់គូដណ្តឹង ហើយត្រូវបានគេជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ផងដែរ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ អ្នកទាំងពីរទើបតែបានបញ្ចប់ពិធីភ្ជាប់ពាក្យកាលពីព្រឹក។ ប៉ុន្តែ ខណៈពេលចេញដំណើរនៅលើផ្លូវ ក៏បានជួបហេតុការណ៍មិននឹកស្មានដល់មួយនេះ ដោយទឹកបានជន់លិចរថយន្តរបស់ពួកគេ ហើយត្រូវបានចរន្តទឹកហូរបោកមកយ៉ាងលឿន។
បន្ទាប់ពីឃ្លីបវីដេអូនៃហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម មនុស្សជាច្រើនបានសម្តែងការដឹងគុណដល់ក្រុមសង្គ្រោះ ដែលមានភាពរហ័សរហួនក្នុងការជួយសង្គ្រោះមួយនេះ និងជាពិសេសទៀតនោះ គឺបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ចំពោះសេចក្តីស្រឡាញ់ និងការលះបង់របស់បុរសនោះ ដោយអ្នកលេងបណ្តាញសង្គមបាននិយាយថា «គាត់ពិតជាសក្តិសមរៀបការ, អ្នកពិតជាសំណាងណាស់ ដែលមានបុរសម្នាក់នេះជាអនាគតស្វាមីរបស់អ្នក, ពួកគេបានធ្វើឱ្យខ្ញុំជឿជាក់លើស្នេហាម្តងទៀត ឃើញហើយរំភើបជំនួសណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង