នេះជាល្បិចបោកបញ្ឆោតឲ្យខ្ចីលុយថ្មី តាមអនឡាន ដែលពិតជាមិននឹកស្មានដល់ តែក៏មិនដឹងថា ជារឿងពិត ឬ គ្រាន់តែជាការសម្តែងយ៉ាងណានោះទេ ខណៈបុរសម្នាក់ បានបើកទម្លាយរឿងរ៉ាវនេះឲ្យបងប្អូនមហាជនបានដឹង និងទុកជាការប្រុងប្រយ័ត្ន ព្រោះថា នៅក្នុងគ្រុប Telegram មួយ កំពុងមានការឈ្លោះជេរបញ្ចោរខ្លាំងៗ រវាងជនបោកប្រាស់ និងជាពិសេសអ្នកមិនដឹងខ្យល់អ្វីសោះ ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកចេញមុខធានាឲ្យអ្នកខ្ចីលុយក្រុមហ៊ុនរបស់ពួកគេ។
ទាក់ទងរឿងនេះ នារីម្នាក់ដែលក្លាយជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ស្របពេលនាងមានតម្រូវការលុយ ដើម្បីយកមករកស៊ី ក៏មានគេឆាតតាម Telegram សួរនាំថា ត្រូវការលុយដែរឬទេ? នៅពេលនោះ នាងក៏បានឆ្លើយតបថា ត្រូវការ ហើយបន្ទាប់មក ក៏បានយល់ព្រមខ្ចី។
នារីរងគ្រោះដែលមានគណនីឈ្មោះ Jj បានរៀបរាប់បន្តថា នាងបានសម្រេចខ្ចីលុយចំនួន 350$ ហើយអ្នកឲ្យខ្ចី ក៏បានបង្គាប់ឲ្យធ្វើឯកសារផ្ញើមក ក្នុងនោះរួមមាន៖ អត្តសញ្ញាណបណ្ណ រូបថតកន្លែងលក់ដូរ និងជាពិសេស ឲ្យថតគណនី friend ក្នុង Telegram ទុកធ្វើជាសាក្សី។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលផ្ញើឯកសារទាំងនេះឲ្យរួចរាល់ ជនបោកប្រាស់ធ្វើស៊ីនោះ ក៏បញ្ជាក់ប្រាប់ថា លុយដែលខ្ចី 350$ គឺបានតែ 100$ ទេ ដោយបានអះអាងថា ត្រូវបានកាត់កងទៅលើសេវារដ្ឋបាល និងសេវាផ្សេងៗទៀត ហើយ 100$ ដុល្លារហ្នឹង ការប្រាក់ 35$ ក្នុងមួយថ្ងៃ។
ដោយលឺបែបនេះ នារីរងគ្រោះ ក៏បានប្រញាប់ឆ្លើយតបភ្លាមៗថា អត់ខ្ចីវិញទេ និងបានលុបឯកសារដែលបានផ្ញើទៅផងដែរ ប៉ុន្តែ អ្វីៗបានហួសពេលអស់ទៅហើយ ព្រោះពួកគេបានរក្សាទុកឯកសារទាំងនោះ ដើម្បីធ្វើស៊ី តាមរយៈការគំរាមប្តឹង ឬបង្ហោះរូបថតជាសាធារណៈ ជាពិសេអ្នកដែលត្រូវរងភាពអាម៉ាសនោះ គឺអ្នកមិនដឹងខ្យល់អី ដែលក៏ត្រូវបានគេចោទប្រកាន់ថាជាអ្នកធានាឲ្យអ្នកខ្ចី។
ជាការពិតណាស់ ក្រៅពីជនរងគ្រោះ គេបានឃើញបងប្អូនអ្នកលេងដែលមិនដឹងខ្យល់អីជាច្រើន បានឈ្លោះប្រកែក ជេរបញ្ចោរគ្នាទៅវិញទៅមក ជាមួយជនបោកប្រាស់ឲ្យខ្ចីលុយដែលមានគណនីឈ្មោះថា លីតា លីតា ឡើងផ្អើលកក្រើកក្នុងគ្រុប Telegram តែម្តង។
តាមរយៈមេរៀនដ៏ហួសចិត្តមួយនេះ ក៏សូមបងប្អូនដែលមានបំណងចង់ខ្ចីតាមអនឡាញ ដែលអ្នកមិនស្គាល់ សូមគិតពិចារណាឡើងវិញ ប្រយ័ត្នវ័ន្តកដោះបំណុលត្រឹមតែ 100$ មិនរួច ជាពិសេសមិនត្រូវយកអ្នកដទៃទៅពាក់ព័ន្ធនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង