គេហទំព័រ CTWANT បានរាយការណ៍ថា មានអគ្គីភ័យមួយបានកើតឡើងនៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែ អ្វីដែលគួរឲ្យស្លុតរន្ធត់ខ្លាំងនោះ គឺនៅពេលបានឃើញស្រ្តីជាម្តាយម្នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត បានបីទារកអាយុមួយខែរបស់នាង ចេញពីបង្អួចជាន់ទី៤ ត្រៀមសម្រេចចិត្តបោះចុះមក ខណៈក្រុមប្រជាពលរដ្ឋចិត្តល្អៗ នៅខាងក្រោមបានចូលរួមកម្លាំងគ្នា លាតត្រដាងក្រណាត់ ដើម្បីរង់ចាំត្រងទារកដែលបានធ្លាក់មក។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃនោះ មានអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ។ ខណៈដែលភ្លើងបានឆាបឆេះតំបន់ជណ្តើរផ្សែងងងឹតឈ្លប់ អ្នកស្រុកជាច្រើននាក់ បានរត់គេចខ្លួនដោយការលំបាកយ៉ាងខ្លាំង។ ក្នុងនោះ ម្ដាយម្នាក់ដែលខ្លាចថានាងមិនរួចជីវិត ក៏សម្រេចចិត្តបោះក្រណាត់ពីខាងលើ ហើយបានសុំឲ្យអ្នកនៅខាងក្រោមជួយលាក្រណាត់ រួចនាងបានបោះទារកអាយុ៤០ថ្ងៃ ចុះពីបង្អួចជាន់ទី៤ ដែលឃើញហើយពិតគួរឲ្យរំជួលចិត្តណាស់។
យ៉ាងណាក៏ដោយ អ្នកនៅខាងក្រោមបានជួយកាន់កម្រាលពូកយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីធានាថាវាអាចជួយសង្រ្គោះទារកដោយសុវត្ថិភាព។ វីដេអូនេះ ត្រូវបានអ្នកដែលឃើញហេតុការណ៍ថតទុក និងបង្ហោះលើបណ្តាញសង្គម។
ភ្នាក់ងារពន្លត់អគ្គិភ័យ បានឲ្យដឹងថា អគ្គិភ័យនេះបានផ្តើមចេញពីជាន់ទី១ ហើយពិតជាពិបាកក្នុងការភៀសខ្លួនចេញណាស់ ព្រោះមានផ្សែងខ្មៅងងឹតខ្លាំងនៅតាមជណ្តើរ។ ជាសំណាងល្អ ភ្លើងត្រូវបានពន្លត់ភ្លាមៗ បន្ទាប់ពីមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ជាមួយគ្នានេះផងដែរ ពួកគេក៏បានប្រាប់ថា ទាំងម្តាយ និងទារកដែលត្រូវបានទម្លាក់ចុះពីជាន់ទី៤ ក៏ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង