ថ្មីៗនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Tan Tock Seng ក្នុងប្រទេសសឹង្ហបុរី ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញមឹកទាំងមូលមួយ កំពុងជាប់គាំងក្នុងបំពង់កអ្នកជំងឺម្នាក់។
យោងតាមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Tan Tock Seng, អ្នកជំងឺជាបុរសជនជាតិសឹង្ហបូរីរូបនោះ មានបញ្ហាក្នុងការលេប និងឈឺបំពង់ក មុនពេលទៅមន្ទីរពេទ្យ ហើយដឹងថាមានអ្វីមួយខុសប្រក្រតី នៅពេលគាត់ចាប់ផ្តើមក្អួត ក្រោយពេលញ៉ាំអាហារសមុទ្ររួមមានមឹកផងដែរ។
តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលវេជ្ជបណ្ឌិតបានធ្វើការស្កេន CT លើអ្នកជំងឺ ក៏បានរកឃើញរបស់ក្រាស់មួយនៅក្នុងបំពង់អាហាររបស់បុរសនោះ។
បន្ទាប់មក អ្នកជំងឺទទួលការពិនិត្យក្រពះពោះវៀន ដែលពាក់ព័ន្ធនឹងបំពង់តូចមួយ ដែលអាចបត់បែនបានជាមួយនឹងកាមេរ៉ា ដែលបង្ហាញថាមឹកមួយកំពុងស្ថិតនៅចម្ងាយ ២ អ៊ីញ រវាងបំពង់អាហារ-ក្រពះ។
ការប៉ុនប៉ងដំបូងដើម្បីរុញ ឬទាញយកចេញមិនបានជោគជ័យទេ ដែលជំរុញឱ្យគ្រូពេទ្យស្ទង់ endoscope ឆ្លងកាត់មឹកចូលទៅក្នុងក្រពះ ហើយធ្វើចលនាឡើងវិញ។ បន្ទាប់មក Forceps ក៏ត្រូវបានប្រើដើម្បីចាប់អាហារសមុទ្រនេះ ចេញពីបំពង់កអ្នកជំងឺ។
ជាសំណាងល្អ អ្នកជំងឺបានជាសះស្បើយឡើងវិញ បន្ទាប់ពីការវះកាត់ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ បន្ទាប់សម្រាកព្យាបាលពីរថ្ងៃ។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍នេះ? តើអ្នកធ្លាប់ជួបករណីបែបនេះទេ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង