នេះគឺជាខណៈពេលដ៏រន្ធត់ នៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Halla Airlines នៃប្រទេសសូម៉ាលី បានធ្លាក់ចេញពីផ្លូវរត់យ៉ាងសាហាវ។ អាជ្ញាធរបាននិយាយថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានជួបឧបទ្ទវហេតុដ៏រន្ធត់នេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលកំពុងចុះចត ដែលមានអ្នកដំណើរប្រមាណ ៣០ នាក់ និងសមាជិកនាវិក៤នាក់ នៅលើនោះ។
យោងតាមផែនការ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Halla Airlines នេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរចេញពីទីក្រុង Garowe ភាគខាងជើងប្រទេសសូម៉ាលី ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mogadishu នៅម៉ោងប្រហែល ១២ និង ៣០ យប់ (ម៉ោងក្នុងតំបន់)។
តែអ្វីដែលមិនស្មានដល់នោះ គឺនៅពេលដែលយន្តហោះនេះចុះចត ស្រាប់តែធ្លាក់ចេញពីផ្លូវរត់ មិនអាចគ្រប់គ្រងបាន ហើយបានធ្លាក់ចូលផ្នែកម្ខាងនៃរនាំង បញ្ជូនកំទេចកំទីហោះពាសពេញអាកាស និងបណ្តាលឱ្យខូចខាតយ៉ាងដំណំ ស្ទើរតែខូចទ្រង់ទ្រាយផ្នែកកាប៊ីនយន្តហោះទាំងស្រុងតែម្តង។
បើទោះជាជួបឧបទ្ទវហេតុធ្ងន់ធ្ងរក៏ដោយ តែសំណាងល្អ ដែលអ្នកដំណើរ និងនាវិកទាំង ៣៤ នាក់ នៅលើយន្តហោះបានរួចជីវិត ហើយមានតែមនុស្សប្រហែល ១១ នាក់ ប៉ុណ្ណោះ បានរងរបួស។
យោងតាមសមត្ថកិច្ច ទោះបីមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានកំណត់ក៏ដោយ ប៉ុន្តែមន្ត្រីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការចង្អុលបង្ហាញដំបូងនៃឧបទ្ទវហេតុនេះ បានបង្ហាញថា ផ្នែកមួយនៃកំហុស គឺអ្នកបើកយន្តហោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង