ការបង្ហាញសេចក្ដីស្រឡាញ់របស់មនុស្សម្នាក់ៗ គឺខុសគ្នា។ ក្នុងនោះ ការមើលថែគូស្នេហ៍ ក៏ត្រូវបានគេចាត់ទុកថាជាការបង្ហាញពីសេចក្ដីស្រឡាញ់ផងដែរ។ ប៉ុន្តែ មនុស្សខ្លះ អាចនឹងយកចិត្តទុកដាក់ខ្លាំង រហូតដល់ថ្នាក់អាចត្រូវបានគេមើលឃើញថាហួសដែនកំណត់ពេកហើយ។
ជាក់ស្តែង រូបភាពរបស់គូស្នេហ៍មួយ បានធ្វើឲ្យមនុស្សជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងបើកភ្នែកធំៗតែម្តង នៅពេលបានឃើញបុរសម្នាក់ សុខចិត្តធ្វើជា «កៅអីមនុស្ស» សម្រាប់មិត្តស្រីរបស់គាត់ បានអង្គុយស្រួលដូចព្រះនាងអ៊ីចឹង បង្កឲ្យមានការរិះគន់ និងវែកញែកជាខ្លាំង ពីអ្នកនិយមលេងអ៊ីនធើរណែត។
យ៉ាងណាមិញ រូបភាពនេះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែក ដែលថតចេញពីវេទិកានៃស្ថានីយ៍រថភ្លើងក្រោមដីមួយ នៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ គឺខណៈពេលដែលអ្នកដំណើរជាច្រើន កំពុងរង់ចាំជើងរថភ្លើង។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺនារីក្នុងចំណោមនោះ មិនឈររង់ចាំដូចមនុស្សធម្មតាទេ ដោយនាងមានកៅអីពិសេស “កៅអីមនុស្ស” ដែលមិត្តប្រុសរបស់នាងយល់ព្រមអង្គុយនៅលើឥដ្ឋ ដើម្បីធ្វើឱ្យនាងអង្គុយនៅលើខ្នងរបស់គាត់។
រូបភាពក៏បង្ហាញនារីវ័យក្មេងម្នាក់នោះ អង្គុយយ៉ាងស្រួលនៅលើខ្នងរបស់មិត្តប្រុស ដោយនាងកំពុងជជែកលេង និងញញឹមយ៉ាងរីករាយជាមួយមិត្តស្រីម្នាក់ទៀតរបស់នាង ដែលឈរក្បែរនាង ខណៈដែលមិត្តប្រុសរបស់នាងបានអោនចុះ លេងជាមួយទូរស័ព្ទដៃរបស់គាត់។ វាហាក់ដូចជាគាត់មិនមានបញ្ហាអ្វីច្រើនទេ ក្នុងការលះបង់ខ្លួនឯងធ្វើជា «កៅអី» សម្រាប់មិត្តស្រីរបស់គាត់អង្គុយ។ ទោះជាយ៉ាងណា បន្ទាប់ពីរូបភាពនេះត្រូវបានចែករំលែក វាបានប្រែក្លាយជាប្រធានបទនៃការរិះគន់យ៉ាងទូលំទូលាយ ពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសម្រុកចូលទៅបញ្ចេញមតិភ្លូកទឹកភ្លូកដី មានទាំងការបន្ទោសខាងស្រី រួមទាំងបុរសនោះ ដែលបានលះបង់ដើម្បីមើលថែមិត្តស្រីហាក់លើសជ្រុល បើទោះជាព្រោះតែសេចក្តីស្រលាញ់ធំធេងប៉ុនណាក៏ដោយ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានចំអករិះគន់ឲ្យបែបនេះថា៖ «ហេតុតែគេជាព្រះនាងន៎!, មិនឲ្យតម្លៃមិត្តប្រុសសោះ, ស្រលាញ់ខ្លាំងពេកហើយ, នេះមិនមែនជាការលះបង់ទេ បែបនេះគេហៅអ្នកបម្រើតែម្តង,…»។
ទោះជាយ៉ាងណា មានអ្នកលេងអ៊ីនធឺណិតដែលមានសុទិដ្ឋិនិយម បានលើកឡើងថា ពួកគេមិនគួរត្រូវបានវិនិច្ឆ័យដោយការយល់ឃើញរបស់ពួកគេផ្ទាល់នោះទេ។ ពួកគេទាំងពីរនឹងស្ម័គ្រចិត្តធ្វើវា។ មិត្តស្រីរបស់គាត់ប្រហែលជាធុញទ្រាន់ ឬចង់អង្គុយសម្រាក ហើយបុរសនោះហាក់មិនមានបញ្ហាអ្វីឡើយ។ លើសពីនេះ មនុស្សមួយចំនួនយល់ថា មានហេតុផលនៅពីក្រោយរូបភាព “មិត្តស្រីរបស់គាត់ប្រហែលជាឈឺជើង ខ្ញុំសង្កេតឃើញថាមិត្តប្រុសរបស់នាងកាន់កជើងរបស់នាងដោយដៃម្ខាង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង