នេះជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានដឹងថា ថ្មីៗនេះ ខាងថៃបានប្រកាសពីជំនួបដ៏ធំមិនធ្លាប់មានពីមុនមក គឺការជួបគ្នានៅលើសង្វៀនប្រដាល់សកល រវាងស្តេចប្រដាល់ថៃរបស់ខ្លួន ប៊ួខាវ (Baukaw Benchamek) និងស្តេចប្រដាល់ហ្វីលីពីន Many Pacquiao ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nationthailand កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air Festival គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយ នៅក្នុងប្រទេសថៃ ពោលគឺការប្រកួតរវាងកីឡាករប្រដាល់ថៃ Buakaw Banchamek និងកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao។ ហើយសន្និសីទសារព័ត៌មានដើម្បីប្រកាសព្រឹត្តិការណ៍នេះ និងការចុះហត្ថលេខាលើកិច្ចសន្យាផ្លូវការ គ្រោងនឹងធ្វើនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះផងដែរ។
តាមរយៈការបង្ហោះនៅលើទំព័រ FB របស់គាត់ លោក Vinij Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air បាននិយាយថា គាត់បាននិងកំពុងរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិបន្ទាប់នេះរបស់ក្រុមហ៊ុនដែលហៅថា “The Match 3” និងបានបញ្ជាក់ថា Buakaw នឹងឡើងសង្វៀនប្រដាល់បស្ចិមប្រទេសលក្ខណៈសកលជាលើកដំបូង ដើម្បីប្រកួតជាមួយ Manny Pacquiao អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោកក្នុងប្រភេទទម្ងន់ច្រើនប្រភេទ។
លោកក៏បានឲ្យដឹងថា ការប្រកួតនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៤ នៅប្រទេសថៃ។ សន្និសីទសារព័ត៌មាន និងការចុះកិច្ចសន្យាជាផ្លូវការ ក៏នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា នៅ Icon Siam វេលាម៉ោង ៤ រសៀល។
ដូច្នេះ Pacquiao នឹងមានវត្តមានក្នុងសន្និសីទកាសែត ហើយទីកន្លែងប្រកួតក៏នឹងត្រូវបង្ហាញនៅថ្ងៃនោះផងដែរ សូមរង់ចាំតាមដានទាំងអស់គ្នា។
ទោះជាយ៉ាងណា ជុំវិញជំនួបលក្ខណៈសកលនេះ រវាង ប៊ូខាវ និងប៉ាគីអាវ ត្រូវបានមហាជនអ្នកតាមដានវិស័យប្រដាល់ បាននាំគ្នាសើចចំអកថា «ថៃគេដឹងច្បាស់ហើយថាទៅមិនរួចទេ ប៉ុន្តែគេចង់ឡង់សេឲ្យពិភពលោកបានស្គាល់កីឡាគេ កាន់តែច្បាស់ប៉ុណ្ណោះ, អត់ហ៊ានជាមួយពូណាងផង ចង់ប៉ះ Pacquiao, ប៉ះប៉ាគីអាវស្ពៃហើយ, ប៉ាគីអាវបោះ10ស៊ីមួយ, សង្ឃឹមថា ប៊ួខូវ ឈ្នះទៅចុះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







