ពិតជារឿងដ៏ហួសចិត្តខ្លាំងណាស់ ខណៈដែលនារីម្នាក់ បានចេញមុខអះអាងថា នាងពិតជារងភាពអយុត្តិធម៌យ៉ាងខ្លាំង បន្ទាប់ពីទិញផ្ទះបង់រំលោះនៅឯ «បុរីពិភពថ្មី ចំការដូង២» របស់លោកឧកញ៉ា ហុង ពីវ ដោយនាងបានចំណាយលុយបង់រំលោះអស់រហូតជាង ៣ ម៉ឺនដុល្លារ ប៉ុន្តែ ដោយសារអស់លទ្ធភាព (រត់លែងរួច) ក៏សុំឲ្យខាងក្រុមហ៊ុនទិញយកវិញ ស្រាប់តែមិនដឹងថាក្រុមហ៊ុនអនុវត្តតាមគោលការណ៍ពីឋានព្រះឥន្ធណាទេ បែរជាឲ្យតម្លៃត្រឹមតែ 3000$ ដែលផ្ទុយស្រឡះទាំងស្រុង ពីក្នុងកិច្ចសន្យាទិញយកវិញកាត់ខាត ៥០% ខណៈបុគ្គលិកបានត្រឹមឆ្លើយមិនដឹង។
នេះបើតាមនារីរងគ្រោះដែលបានខាតបង់ប្រាក់រាប់ម៉ឺនដុល្លារដូចរកស៊ីឲ្យគេទទេៗ មានគណនីហ្វេសប៊ុកឈ្មោះ ស្រីពៅ ខ្មែរ បានរៀបរាប់ឲ្យដឹងថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានទិញផ្ទះនៅបុរីពិភពថ្មី ចំការដូងពីរ ដោយគោលការណ៍រំលោះសុទ្ធរយៈពេល17ឆ្នាំ មួយខែបង់1023$ នាងខ្ញុំបង់បាន 32 ខែ តែនាងខ្ញុំអស់លត្ថភាពក្នុងការបង់បន្ត នាងខ្ញុំបានក៏លក់ផ្ទះទៅអោយក្រុមហ៊ុនវិញ តាមកិច្ចសន្យារបស់បុរី ដែលត្រូវទទួលទិញយកវិញកាត់ខាត 50% ដូចក្នុងគោលការណ៍ តែខាងបុរីបានបដិសេធមិនទទួលទិញផ្ទះពីនាងខ្ញុំវិញទេ»។
នាងបន្តថា៖ «នាងខ្ញុំសួរទៅបុគ្គលិកបុរីថា ចុះក្រដាសកិច្ចសន្យា បុគ្គលិកបុរីសួរនាងខ្ញុំថា បងមានកិច្ចសន្យាហ្នឹងទេ ខ្ញុំថាមាន គេថាយកមកអោយគេមើល ខ្ញុំយកអោយ មើលហើយ គេថាកិច្ចសន្យាទទួលទិញវិញចាប់ពីរខែទី7 មានន័យថាខែទី1ដល់ទី6ទុកជាអាសាបង់ រាប់ចាប់ពីរខែទីរ7ទៅ ទទួលទិញវិញ50% បើមានការបង់ប្រាក់មិនយឺតយ៉ាវ ពេលខ្ញុំបង់យកលុយខ្ញុំស្រួលណាស់ លើសបួនប្រាំថ្ងៃពិន័យ5% នាងខ្ញុំបង់មិនអោយខ្វះ1៛ទេ ពិន័យលុយខ្ញុំពេញៗមិនដែលលឺថាយ៉ាងមិច។
នាងក៏បានឲ្យដឹងទាំងហួសចិត្តថា៖ «នាងខ្ញុំថា ខ្ញុំចង់ធ្វើលិខិត្តស្នើទៅថ្នាក់លើរបស់បុរី គឺលោកឧញ្ញា(ហុងពីវ) ស្រាប់តែខាងបុគ្គលិកឆ្លើយថា ស្នើក៍នៅតែអត់ដែរ នាងខ្ញុំនិយាយទៀតថា ខ្ញុំចង់ស្នើ បុគ្គលិកបុរីប្រាប់គ្នាគេថា បើគាត់ចង់ស្នើ អោយគាត់ស្នើទៅ តែដឹងតែអត់ហើយ ខ្ញុំក៍បានធ្វើលិខិតស្នើដាក់ថ្ងៃទី08 ខែ7 ប្រាំថ្ងៃក្រោយ បុគ្គលិកបុរីខលមកនាងខ្ញុំថា ផ្ទះបងមេអោយ 3000$ ខ្ញុំលឺហើយគាំង ផ្ទះខ្ញុំបង់ចូលបុរីអស់ 32736$ ខ្ញុំសួរថា មេអូនអោយ3ពាន់$ហ្នឹង តាមគោលការអីគេអូន បុគ្គលិកឆ្លើយថា មិនដឹងទេមេស៊ីញ៉េអោយបងតែប៉ិនហ្នឹង បងប្អូនជួយសែរ អោយលោកឧកញ៉ា ហុង ពីវ បានឃើញផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





