ភ្នំពេញ ៖ ដើម្បចៀសវាងការសង្ស័យ និងក្ដីមន្ទិលច្រើនជុំវិញការប្រើប្រាស់ប្រព័ន្ធទូរទាត់ប្រាក់រវាងកម្ពុជា និងចិន តាមរយៈប្រព័ន្ធ QR Code ថាតើជាការប្រើប្រាស់លុយចិននៅកម្ពុជា ឬយ៉ាងណានោះ?លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់សងប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ តែជាការទូទាត់តាមរយៈប្រព័ន្ធ QR Code ដែលវាមានប្រព័ន្ធវាយតម្លៃអត្រាប្ដូរប្រាក់នៅក្នុងហ្នឹងរួចស្រេចទៅហើយ។
ការពន្យល់របស់លោកជំទាវ ជា សិរី ធ្វើឡើងដើម្បីឱ្យសាធារណជនយល់កាន់តែច្បាស់ និងកុំឱ្យមានការភ័ន្ដច្រឡំ ចំពោះការសហការគ្នារវាងកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code ហ្នឹង។
ចាប់តាំងពីការប្រើប្រាស់ទូរទាត់សាច់ប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code មួយរយៈខ្លីនេះរួចមក ថ្មីៗនេះមានប្រជាពលរដ្ឋមួយចំនួន កើតមន្ទិលសង្ស័យច្រើនចំពោះកិច្ចសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សង់ប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code ដោយបានយល់ច្រឡំថា ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យទូទាត់ និងចាយវាយក្រដាសប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ ជា សិរី បានពន្យល់ថា ក្នុងសម័យបច្ចេកវិទ្យានេះ ធនាគារជាតិនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ឱ្យក្លាយជាប្រព័ន្ទទូទាត់អេឡិចត្រូនិក ជាក់ស្ដែងដូចកិច្ចសហការរបស់ធនាគារជាតិ និងក្រុមហ៊ុន UnionPay International មិនមែនជាកិច្ចសហការគ្នា ដែលតម្រូវឲ្យទេសចរចិនចូលមកប្រទេសកម្ពុជា អាចកាន់ក្រដាសប្រាក់យ័នចិនចាយលើទឹកដីកម្ពុជានោះឡើយ តែជាការសហការគ្នាដោយទូទាត់តាមប្រព័ន្ធ QR Code មានន័យថា ប្រសិនបើទេសចរចិនចង់ទូទាត់ QR Code នៅកម្ពុជា តម្រូវឲ្យទេសចរចិនមានគណនីរប ស់ UnionPay ហើយស្កេនតាមប្រព័ន្ធ KHQR (តែតម្រូវឲ្យជាគណនីប្រាក់រៀល) នៅកម្ពុជា ដូច្នេះបន្ទាប់ពីការទូទាត់អាជីវករកម្ពុជានឹងទទួលបានប្រាក់ ពីគណនីរបស់ទេសចរចិន តែប្រាក់ដែលទទួលបានគឺជាប្រាក់រៀល មិនមែនជាប្រាក់យ័នចិននោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN