នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ ETtoday បានបញ្ចេញរឿងរ៉ាវដ៏ព្រឺព្រួចមួយ បន្ទាប់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតៃវ៉ាន់ បានបង្ហោះរូបភាពអ្នកដើរលេងឡើងភ្នំមួយក្រុម កំពុងថតរូបជាក្រុមទុកជាអនុស្សាវរីយ៍ នៅកណ្តាលព្រៃ ប៉ុន្តែ នៅពេលព្យាយាមសង្កេតមើលឲ្យដិតដល់ ស្រាប់តែឃើញនូវភាពមិនប្រក្រតីមួយចំនួន ដែលធ្វើឲ្យអ្នកមានអារម្មណ៍គួរឲ្យខ្លាច រហូតក្លាយជាការជជែកដេញដោលយ៉ាងខ្លាំងនៅលើពិភពអនឡាញ។
យោងតាមរបាយការណ៍បានឱ្យដឹងថា តាមរយៈរូបថតនោះបានបង្ហាញថា ក្នុងរូបមានមនុស្សចំនួន ១៥ នាក់ ដែលសុទ្ធតែបង្ហាញរូបភាពញញឹមសប្បាយរីករាយជាធម្មតា។ ប៉ុន្តែពេលមើលទៅស្ត្រីពាក់អាវពណ៌ផ្កាឈូកឈរនៅខាងស្ដាំដៃ ពិតជាចម្លែកខ្លាំងតែម្តង ដោយសារតែដៃអាថ៌កំបាំងមួយបានលេចឡើងនៅខាងក្រោមចង្កេះរបស់នាង ទោះបីជាដៃរបស់នាងកំពុងបង្ហាញសញ្ញាមេដៃឡើងក៏ដោយ។
បន្ទាប់ពីរូបភាព «ខ្មោចលង» នេះត្រូវបានគេចែកចាយលើបណ្ដាញសង្គម បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិដោយជឿថា ជារឿងអាថ៌កំបាំងអរូបី។ ក្នុងនោះពួកគេបានលើកឡើងក្នុងអារម្មណ៍ដ៏ព្រឺព្រួចថា «បរិយាកាស មើលទៅគួរស្ងាត់ជ្រងំ វាពិតជាគួរឱ្យខ្លាចណាស់…»។
ទោះជាយ៉ាងណា មានអ្នកប្រើប្រាស់បណ្ដាញសង្គមដែលដឹងច្រើនពីការថតរូប បានវិភាគចម្លើយដោយពន្យល់ថា វាមកពីពេលថតប្រហែល Panorama ត្រូវបានបើក។ នៅពេលនោះ ស្ត្រីក្នុងអាវពណ៌ផ្កាឈូកបានចលនាដៃ ធ្វើឱ្យរូបទាំងពីរមករួមគ្នាក្នុងរូបភាពតែមួយ។ នោះមានន័យថា ដៃនោះជារបស់នាង ហើយមិនមែនជារបស់នរណាម្នាក់ឡើយ។
ជាក់ស្តែង ដូចជាបុរសអង្គុយនៅកណ្តាលខាងមុខ ពេលសង្កេតមើលក្បាលរបស់គាត់ វាមើលទៅខុសប្លែកពីគេដែរ ដែលទំនងជាបណ្ដាលមកពីមុខងារ Panorama តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង