Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ផ្ទះ​វីឡា​ចិន​ទំ​ហំ ៣០០ ម៉ែត្រការ៉េ ត្រូវ​បាន «កាត់ដី» ​ជុំវិញ​ដោយសារតែ​មិនព្រម​រុះរើ ម្ចាស់​ត្រូវ​ដាក់​ជណ្ដើរ​កម្ពស់ ៣ ម៉ែត្រ ដើម្បី «ឡើងចុះ» ​រៀងរាល់ថ្ងៃ

ដោយសារតែមិនពេញចិត្ត ទៅនឹងសំណងដែលអ្នកវិនិយោគផ្តល់ជូន ម្ចាស់ផ្ទះវីឡាមួយនៅក្នុងប្រទេសចិន បានតាំងចិត្តមិនរើចេញ បើទោះបីជាត្រូវលើក “ជណ្ដើរ” ដើម្បីឡើងចុះទៅក្រៅជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។

នៅឆ្នាំ ២០២២ វីដេអូនៃផ្ទះ ៣ ជាន់នៅ Jiangxi ដែលគ្រឹះត្រូវបានគេជីកនៅជុំវិញ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន។ រូបភាពនៃផ្ទះវីឡាដ៏ធំនោះ ដែលមានទីតាំងដូចត្រូវ “ចាក់ពុម្ព” ជាង ៣ ម៉ែត្រពីលើដីជុំវិញ បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។ យោងតាមគេហទំព័រ Businessfocus.io ផ្ទះដែលមានទីតាំងពិសេសមួយនេះ គឺជាលទ្ធផលនៃការចរចាមិនជោគជ័យ រវាងម្ចាស់ និងម្ចាស់គម្រោងដែលកំពុងសាងសង់នៅទីតាំងនោះ។

វីឡាទំហំ ៣០០ ម៉ែត្រការ៉េ នេះ ស្ថិតនៅក្នុងតំបន់ដែលត្រូវផ្លាស់ប្តូរទីតាំង ដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវ Tiedong នៃទីក្រុង Ruichang ខេត្ត Jiangxi ប្រទេសចិន។ នេះគឺជាគម្រោងដ៏សំខាន់មួយក្នុងឆ្នាំ ២០២២ នៃទីក្រុងនេះ។ គ្រួសារ​ដែល​តាំង​ទី​លំនៅ​ថ្មី​ចំនួន ៩០ ផ្សេង​ទៀត ​បាន​ផ្លាស់​ប្តូរលំនៅដ្ឋានរបស់ពួកគេ ដោយមានតែ​ផ្ទះវីឡាមួយ​នេះប៉ុណ្ណោះ ​នៅ​តែ​ឯង​កណ្តាល​ការដ្ឋាន​សំណង់​ដ៏​ធំ​ទូលាយ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការសាងសង់នៃគម្រោងជាខ្លាំង។

ក្នុង​វីដេអូ​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺបានបង្ហាញឲ្យឃើញនៅក្បែរ​ផ្ទះ​វីឡា​ មាន​កម្មករ និង​ម៉ាស៊ីន​ ជាច្រើន​កំពុង​ធ្វើ​ការ ខណៈ​ម្ចាស់​ផ្ទះបើ​ចង់​ចេញ​ក្រៅ ត្រូវ​យក​ជណ្ដើរ​ឡើង​ចុះ។

យោងតាមរបាយការណ៍រួមរបស់ប្រព័ន្ធផ្សព្វផ្សាយចិន ម្ចាស់វីឡាកម្ពស់ ៣ ជាន់នេះ បានបដិសេធសំណើរុះរើនេះ ដោយសារតែគាត់មិនពេញចិត្តនឹងចំនួនសំណងដែលអ្នកវិនិយោគគម្រោងផ្លូវ និងក៏ដូចជារដ្ឋាភិបាលទីក្រុង ផ្តល់ឲ្យ។ នេះ​បើ​តាម​ទំព័រ Hk01 ករណីនេះត្រូវបានគេនិយាយថា រដ្ឋាភិបាលមូលដ្ឋានបានផ្តល់សំណងដល់គ្រួសារនេះចំនួន ៣ ផ្ទះ ដែលមានផ្ទៃដីសរុប ៣៦០ ម៉ែត្រការ៉េ ប៉ុន្តែសំណងនេះមិនត្រូវបានអនុម័តទេ។

ទោះជាយ៉ាងណា ដើម្បីកុំឱ្យហួសពីកាលវិភាគ គម្រោងសាងសង់ផ្លូវ Tiet Dong នៅតែត្រូវបានអនុវត្ត។ អ្នក​វិនិយោគ​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​មនុស្ស​ទៅ “កាត់” ដី​ជុំវិញ​វីឡា​ដើម្បី «​បញ្ចុះ» ជម្រៅ ដែលធ្វើឲ្យ​ផ្ទះ​៣​ជាន់​នេះ​ប្រែ​ក្លាយ​ទៅ​ជា «​កោះ​ដាច់ស្រយាល​» ដែល​មាន​កម្ពស់​ខ្ពស់​ជាង​តំបន់​ជុំវិញ​ប្រហែល​៣​ម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ការសាងសង់ផ្លូវនេះ ក្រោយមកត្រូវបានពន្យារពេល ដើម្បីធានាសុវត្ថិភាពដល់ម្ចាស់ផ្ទះ ក៏ដូចជាការធ្វើចរាចរនៅតំបន់នោះ។

មន្ត្រីដែលពាក់ព័ន្ធក្នុងគម្រោងក៏បានព្យាយាមលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមាន និងចាត់វិធានការដើម្បីធានាបាននូវការធ្វើដំណើរដោយរលូនសម្រាប់ម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ពួកគាត់ក៏បានទាក់ទងទៅម្ចាស់ម្តងហើយម្តងទៀត ដើម្បីព្យាយាមដោះស្រាយបញ្ហា និងបញ្ចប់ការសាងសង់ផ្លូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្រោមវីដេអូដែលបានបង្ហោះនោះ អ្នកនិយមលេងអ៊ីនធឺណេតចិនមួយចំនួនបាននិយាយថា រដ្ឋាភិបាលក្នុងតំបន់បានផ្តល់សំណងដល់ផ្ទះនេះចំនួន ៣ ខ្នង ដែលមានផ្ទៃដីសរុប ៣៦០ ម៉ែត្រការ៉េ ។ ទោះ​យ៉ាង​ណា ម្ចាស់​នៅ​តែ​ទាមទារ​បង់​ប្រាក់​បន្ថែម ២៧​ ម៉ឺន​យន់ សម្រាប់ការ​វាយ​កម្ទេច។ ដោយ​សារ​មិន​បាន​ទទួល​សំណង​សម​ហេតុ​ផល ទើប​ផ្ទះ​វីឡា​មួយ​នេះ​នៅ​តែ​ «ឈរ​ជើង»​ មិន​​រើ​ចេញដាច់ខាត​។

អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​សុវត្ថិភាព ​ដែល​អាច​កើត​មាន ​នៅ​ពេល​ដែល​ម្ចាស់​​រស់​នៅ​ក្នុង​វីឡា។ ពួកគេបាននិយាយថា គ្រឹះ និងដីផ្ទះវីឡាបច្ចុប្បន្នសុទ្ធតែមានភក់ បើគ្មានវិធានការការពារទេ គឺមានតែរង់ចាំដួលរលំប៉ុណ្ណោះ។

សូមបញ្ជាក់ថា ផ្ទះក្រចកទំហំ ៣០០ ម៉ែត្រការ៉េនេះ នៅ Jiangxi មិនមែនជា “កោះដាច់ស្រយាល” តែមួយគត់នៅក្នុងប្រទេសចិននោះទេ។ នៅក្នុងខេត្ត Chongqing ដែលមានប្រជាជនរាប់ពាន់លាននាក់នេះ គឺមានផ្ទះមួយកាលពីអតីតកាលដែលត្រូវបានគេហៅថា “ផ្ទះក្រចកដែលរឹងរូសបំផុត” ផងដែរ។

នៅខែមីនា ឆ្នាំ ២០០៧ រូបភាពផ្ទះតូចមួយតែម្នាក់ឯងនៅកណ្តាលរណ្តៅដីជម្រៅ ១០ ម៉ែត្រ បានធ្វើឱ្យល្បីក្រើកពេញអ៊ីនធឺណិតចិន។ ក្រោយ​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លាតត្រដាង​ថា រូបថត​នេះ​ថត​នៅ​ផ្លូវមួយ ស្ថិតក្នុងស្រុក Kowloon ទីក្រុង Chongqing។ ម្ចាស់ផ្ទះនោះ ស្ថិតក្នុងចំណោម ២៨០ គ្រួសារ ដែលមានទីតាំងនៅតំបន់ ដែលគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ។

អស់រយៈពេលពីរឆ្នាំ គ្រួសារបីជំនាន់នោះ បានបដិសេធមិនព្រមផ្លាស់ទីលំនៅឡើយ ដោយសារពួកគេមិនពេញចិត្តនឹងសំណងចំនួន ៣.៥ លានយន់ (ប្រហែល 453,000 ដុល្លារ)។ សូម្បីតែពេលអ្នកវិនិយោគបានរុះរើផ្ទះជុំវិញ កាត់ផ្តាច់ចរន្តអគ្គិសនី និងទឹក និងជីកគ្រឹះដើម្បីរៀបចំសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ តែថ្វីត្បិតត្រូវបានរុះរើនៅឆ្នាំ ២០០៧ ក៏ដោយ ក៏រឿងផ្ទះដ៏រឹងរូសនេះនៅតែត្រូវបានដាក់ឈ្មោះថា «ផ្ទះក្រចកដែលរឹងរូសបំផុត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×