កណ្ដាល ៖ រថយន្តស៊ីទែនដឹកប្រេងសាំងតេលា បានបើកបុកគ្នាជាមួយនឹងរថយន្តដឹកឥដ្ឋ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។ បណ្តាលឲ្យបុរស២នាក់បានរងរបួសធ្ងន់ស្រាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកមុខកំពូល បានឱ្យដឹងថា រថយន្ដប្រភេទស៊ីទែនដឹកប្រេងសាំង និងម៉ាស៊ូត របស់ក្រុមហ៊ុនតេលា ម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8523 បើកបរដោយឈ្មោះ ហែម បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1610 (រថយន្ដដឹកឥដ្ឋ) បើកបរដោយឈ្មោះ អូន ធឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅមុនពេលកើតហេតុ រថយន្ដដឹកប្រេងសាំង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែក ក៏បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងលិច ស្របពេលនោះក៏មានរថយន្ត ដឹកឥដ្ឋ ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយល្បឿនលឿនឈប់មិនទាន់ ជាន់ហ្វ្រាំងមិនជាប់ បានមកបុករថយន្តដឹកសាំងពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដដឹកសាំងក្រឡាប់ផ្ងារជើង និងធ្វើឱ្យខូចខាតរថយន្ដទាំង២គ្រឿងយ៉ាងដំណំ និងហៀប្រេងកំពប់ពេញថ្នល់ ហើយសំណាងហើយដែលមិនបង្កឲ្យឆេះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក អ៊ីស៊ុយស៊ុយ ដឹកសាំងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយល្បឿនលឿនលើផ្លូវបំបែកជាបី ទើបបានជាបុកពេញមួយទំហឹងបែបនេះ៕ ដោយ ៖ បញ្ញាស័ក្តិ