Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងថ្មីទៀត​ហើយ! សុ​ខៗ បុរស​ម្នាក់ ស្រាប់តែ​ភ្ជួរ​ផ្លូវ​ដើរ ដើម្បី «ពង្រីក» ដីស្រែ មិនដឹង​ថា​យក​អ្វី​មក​គិត​នោះ​ទេ

ករណីបុគ្គលលោភលន់ ដែលសុខៗស្រាប់តែ «រំលោភ» យកដីសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន ជាពិសេសទៅលើ «ផ្លូវដើររួម» ក្នុងស្រុកភូមិ ដែលមានតាំងពីដូនតាមក គឺតែងតែកើតមានជារឿយៗ ដែលឃើញហើយពិតជាគួរឲ្យស្អប់យ៉ាងខ្លាំង។

ជាក់ស្តែង ដូចករណីថ្មីៗនេះជាដើម ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ នៅពេលដែលបានឃើញបុគ្គលលោភលន់ម្នាក់ ស្រាប់តែសុខៗ បានភ្ជួរផ្លូវដើររួម ដែលប្រជាពលរដ្ឋធ្វើដំណើរចេញចូលរកស៊ីទទួលទានរៀងរាល់ថ្ងៃ ដើម្បី «ពង្រីក» ដីស្រែរបស់ខ្លួនយ៉ាងរំភើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Pov Mylife បានបង្ហោះឲ្យដឹងបែបនេះថា៖ «ថ្ងៃទី17 ខែ07 ឆ្នាំ2023 នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ​ បងប្អូនប្រជាពលរដ្ឋ រឺក្មេងៗដែលធ្លាប់ជិះកាត់មុខផ្ទះខ្ញុំ ទៅផ្សាត្រាំកក់ ទៅរៀននិងទៅធ្វើការ រឺប្រកបអាជីវកម្មរាល់ដង ពេលនេះលែងមានផ្លូវជិះស្រួលដូចមុនហើយ ព្រោះតែសត្វមនុស្សខ្វះខួរខ្វះ សតិបាតសង្គមមួយសំបុក បានភ្ជួរផ្លូវយកទៅដាំស្រូវ មនុស្សនេះមិនដែលចេះជួយអ្វីដល់សង្គមសោះ ចេះតែនាំរឿង និងបំផ្លាញអ្នកដទៃ»។

បើតាមស្រ្តីជាអ្នកភូមិម្នាក់ ដែលបានថតវីដេអូ បង្ហាញលទ្ធផលក្រោយពេលភ្ជួររួច បានប្រាប់ឲ្យដឹងថា ផ្លូវដើររួមនេះដែលមានទំហំទទឹង ៤-៥ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចេញចូលក្នុងភូមិ សហការគ្នាចេញលុយចាក់ក្រាលក្រួសក្រហម ដើម្បីបានធ្វើដំណើរស្រួល ដោយមិនមានមុខម្ចាស់ដីស្រែជាប់ផ្លូវនេះ ជួយចេញធ្វើនោះឡើយ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែថ្មីៗនេះ បុគ្គលដ៏គ្មានញាតិរាប់រកនេះ បែរមកភ្ជួរផ្លូវ​ ធ្វើឲ្យគ្រប់គ្នាក្នុងភូមិស្រឡាំងកាំង និងហួសចិត្តខ្លាំងតែម្តង។

ជាមួយទង្វើដ៏ហួសហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក្នុងភូមិ គាត់ក៏សូមស្នើដល់អាជ្ញាធរមូលដ្ឋាន មេត្តាជួយអន្តរាគមន៍ ដើម្បីសម្រួលសម្រាប់ការធ្វើដំណើរចេញចូលដូចធម្មតាវិញផងដែរ ព្រោះពួកគាត់ពុំមានផ្លូវណាផ្សេង ពីផ្លូវនេះ ដើម្បីធ្វើដំណើរនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×