ផ្លូវនៅពីមុខហាងលក់សំបកកង់មួយកន្លែង ក្នុងរដ្ឋ North Carolina (សហរដ្ឋអាមេរិក) ត្រូវបានចាត់ទុកថាជាចំណុច «ខ្មៅ» ចរាចរណ៍ ដោយសារក្រុមរថយន្តបើកក្នុងល្បឿនលឿនដូចហោះ តែងបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ឥតស្បើយ។
Alberto Piedra ម្ចាស់ហាងលក់សំបកកង់រថយន្តនៅ Greensboro រដ្ឋ North Carolina បានគិតថា ប្រហែលកុងតឺន័រកង់ ១៨ បុកចូលហាងរបស់គាត់ ហើយនៅពេលនោះ គាត់បានក្រឡេកឃើញអ្វីមួយហោះផ្លោងលើអាកាស ចូលក្នុងចំណត ប៉ុន្តែ មិននឹកស្មានថាជារថយន្ត១គ្រឿង ដែលបានដាច់កង់យ៉ាងសាហាវ។
ប៉ូលិសបាននិយាយថា បច្ចុប្បន្នមិនមានដំណោះស្រាយ ចំពោះស្ថានភាពរថយន្តល្បឿនលឿនឆ្លងកាត់តំបន់នេះទេ។
ជាមួយគ្នានេះ ម្ចាស់ហាងលក់សំបកកង់ខាងលើ បាននិយាយថា យ៉ាងហោចណាស់ក៏មានករណីស្រដៀងគ្នានេះចំនួន៩ករណីដែរ ដែលបានបង្កផលប៉ះពាល់ដល់អាជីវកម្មរបស់គាត់។ ហើយនេះគឺជាករណីធ្ងន់ធ្ងរបំផុត។
លោក Alberto ក៏បានបញ្ជាក់ឲ្យដឹងថា រថយន្តពណ៌ក្រហមនោះ បាន «ហោះ» ចូលចតនៅខាងក្រៅហាងលក់សំបកកង់រថយន្តរបស់គាត់ ដែលបណ្តាលឲ្យក្រឡាប់ ប៉ះទង្គិចលើរថយន្តចំនួន ៨ គ្រឿង រងការខូចខាតយ៉ាងដំណំតែម្តង។
យ៉ាងណាមិញ តាមរយៈរូបភាពថតពី Google Street View បង្ហាញឲ្យឃើញរថយន្តនោះបានរបត់ស្តាំលើចិញ្ចើមផ្លូវទល់មុខហាង Crazy Tires។ ប៉ុន្តែ ប្រហែលជាអ្នកបើកបររថយន្តពណ៌ក្រហម បត់ក្នុងល្បឿនលឿនពេក ក៏បាត់បង់ការគ្រប់គ្រង។
ម្ចាស់ហាងរូបនេះ បាននិយាយថា គាត់មានការព្រួយបារម្ភខ្លាំងណាស់ ក្រោយពេលកើតហេតុ ហើយចង់មានដំណោះស្រាយខ្លះ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិពួកគាត់។
លោក Alberto បាននិយាយថា៖ «ការខូចខាតឡាន គឺខ្ញុំមិនសូវជាមានបញ្ហានោះទេ ប៉ុន្តែ អ្វីដែលខ្ញុំបារម្ភខ្លាំងបំផុតនោះ គឺសុវត្ថិភាពមនុស្សច្រើនជាង។ ក្រៅពីនេះក៏មានការរអាក់រអួលផ្សេងៗទៀតផងដែរ ដោយសារគ្រោះថ្នាក់នេះ។ ជាក់ស្តែង ផ្ទះខ្ញុំត្រូវដាច់ភ្លើង បាត់បង់អ៊ីនធឺណិត ថ្ងៃសៅរ៍ជាថ្ងៃសម្រាក ដូច្នេះខ្ញុំត្រូវខាតបង់លុយ ហើយត្រូវទៅកន្លែងផ្សេងដើម្បីស្នាក់នៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង