Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ព័ទ្ធចាប់ក្រុមចោរក្លែងជាប៉ូលិស៤នាក់ ក្រោយពេលធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅផ្លូវ៦០ម៉ែត្រថ្មី

ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឡោមព័ទ្ធចាប់ក្រុមចោរក្លែងជាប៉ូលិសមួយក្រុម ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង និងគ្រឿងបន្លាស់សម្រាប់ដោះដូរគ្រឿងម៉ូតូមួយចំនួន ចំណែកបក្ខពួកម្នាក់ទៀត កំពុងលាក់ខ្លួនក្នុងប្រឡាយទឹកស្អុយ។
ប្រតិបត្តិការតាមបង្រ្កាបក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទុះជួលមួយកន្លែង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៃអធិការស្រុកកៀនស្វាយ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង ៣០ នាទីព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៣ មានករណីជនសង្ស័យមួយក្រុម ពាក់កាតជានគរបាលក្លែងក្លាយ បានស្ទាក់ធាក់ប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់ កំពុងដឹកសាច់គោយកទៅឲ្យម៉ូយ នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រថ្មី ស្ថិតនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល  បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត ដើម្បីធ្វើការសង្គ្រោះ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានកំណត់មុខសញ្ញា និងទទួលព័ត៌មានថាជនសង្ស័យ បានមកស្នាក់នៅ បន្ទប់មួយកន្លែងស្ថិតនៅម្តុំសំបុកចាប ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវ ខណ:ជនសង្ស័យទាំង៥នាក់ បានដឹងខ្លួនមុនក៏បាននាំគ្នា រត់គេចខ្លួនក្នុងប្រឡាយទឹកស្អុយ រួចហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀត កំពុងពួនក្នុងកំប្លោកទឹកស្អុយ សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងម៉ូតូចំនួន៣គ្រឿង របស់ជនសង្ស័យដែលជាមធ្យោបាយ សម្រាប់ធ្វើសកម្មភាពជិះធាក់ប្លន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សួង សាម

×