ពេលខ្លះ ភាពឯកកោអាចគ្របដណ្ដប់លើមនុស្សម្នាក់ ហើយបណ្តាលឱ្យពួកគេធ្វើអ្វីៗ ដើម្បីស្វែងរកការយកចិត្តទុកដាក់។ យ៉ាងណាមិញ ស្រ្តីអាយុ ៥១ ឆ្នាំ ជនជាតិជប៉ុនម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ចំនួន ២,៧៦១ ដង ក្នុងរយៈពេល ២ ឆ្នាំ ៩ ខែ ខណៈដែលនាងនៅឯកកោ។
Hiroko Hatagami ដែលជាពលរដ្ឋម្នាក់ពុំមានការងារធ្វើ នៅក្នុងទីក្រុង Matsudo ស្ថិតនៅក្នុងខេត្ត Chiba ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ពីបទ «សង្ស័យបង្កការរំខានប្រតិបត្តិការរបស់នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់»។
ករណីនេះត្រូវបានគេនិយាយថា អ្នកស្រី Hiroko បានធ្វើការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយ ទៅកាន់នាយកដ្ឋានពន្លត់អគ្គីភ័យ Matsudo ដោយប្រើទូរស័ព្ទផ្ទះ, ទូរស័ព្ទដៃ និងមធ្យោបាយផ្សេងទៀត ពីផ្ទះរបស់នាង និងនៅក្នុងសង្កាត់របស់នាង។
នៅពេលទូរស័ព្ទភ្ជាប់មក នាងនឹងចាប់ផ្តើមត្អូញត្អែរ និងរៀបរាប់ពីជំងឺមួយចំនួនដូចជាឈឺជើង ឈឺពោះ ឬលេបថ្នាំមួយកម្រិតធំ ដែលទំនងជាមិនពិត។ ពេលនោះ នាងនឹងសុំជំនួយពីរថយន្តសង្គ្រោះបន្ទាន់មកដឹក ហើយនៅពេលដែលរថយន្តមកដល់ នាងបែរជាមិនព្រមចូលឡាន ហើយនិយាយថា នាងមិនមែនជាអ្នកហៅវាមកទេ។
ទាំងនាយកដ្ឋានពន្លត់អគ្គីភ័យ និងប៉ូលីស បានស្នើឱ្យនាងបញ្ឈប់ការហៅទូរស័ព្ទទាំងនេះទៀតទៅ ដោយសារតែវាធ្វើឲ្យរំខាន ប៉ុន្តែនាងនៅតែបន្ត។ ដោយមានការធុញទ្រាន់នឹងអាកប្បកិរិយារបស់នាង នាយកដ្ឋានពន្លត់អគ្គីភ័យបានរាយការណ៍អំពីការខូចខាត ទៅកាន់ប៉ូលីស ដើម្បីប្រឆាំងនឹងស្រ្តីរូបនេះ នៅថ្ងៃទី២០ ខែមិថុនា។
ក្នុងការស៊ើបអង្កេត ជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តខុសដោយនិយាយថា៖ «ខ្ញុំឯកា ហើយចង់ឱ្យនរណាម្នាក់ស្តាប់ខ្ញុំ និងយកចិត្តទុកដាក់ចំពោះខ្ញុំ»។
ទោះជាយ៉ាងណា នេះពិតជារឿងដ៏សោកសៅខ្លាំងណាស់ យើងសង្ឃឹមថា នរណាម្នាក់ដែលមានអារម្មណ៍ឯកោ នឹងទាក់ទងទៅអ្នកដែលនៅជុំវិញពួកគេ ឬចូលរួមក្លឹប ឬសហគមន៍មួយចំនួនដែលពួកគេ អាចប្រាស្រ័យទាក់ទងជាមួយដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង