សត្វផ្សោត១ក្បាល បានវាយប្រហារមនុស្ស ៤ នាក់ ដែលកំពុងហែលទឹក នៅឆ្នេរសមុទ្រនៃប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ (១៦ កក្កដា) ក្នុងនោះបានធ្វើឱ្យបុរសចំណាស់វ័យ ៦០ ឆ្នាំ ម្នាក់ ត្រូវបាក់ឆ្អឹងជំនីរជាច្រើន។
ជាក់ស្តែង សត្វផ្សោតមួយក្បាល ក៏ត្រូវបានគេថតបង្ហាញឲ្យឃើញវាកំពុងឲ្យមនុស្សភ័យខ្លាច នៅឆ្នេរសមុទ្រ Suishohama កាលពីថ្ងៃចន្ទ (១៧ កក្កដា)។ ហើយវីដេអូនៃការវាយប្រហារនេះ ដែលបង្ហោះដោយ BreakingOne ក៏បានបង្ហាញពីមនុស្សប្រញាប់ប្រញាល់ចាកចេញពីក្នុងទឹក នៅពេលឃើញសត្វផ្សោតដែលកំពុងបង្ហាញខ្លួនក្នុងទឹករាក់ ហើយវាទៅវាយប្រហារស្រ្តីម្នាក់ ដែលកំពុងព្យាយាមហែលមកច្រាំង ក្នុងរង្វង់ពោងកៅស៊ូពណ៌ផ្កាឈូក។
បន្ទាប់មក វាហាក់ដូចជាខាំទៅលើជើងស្ត្រីនោះ ដែលធ្វើឲ្យគ្រលាស់ខ្លួនតែម្តង។ ប៉ុន្មានវិនាទីក្រោយមក សត្វផ្សោតនេះក៏ហែលចេញឆ្ងាយពីឆ្នេរ ហើយឆ្ពោះទៅរកមនុស្ស៣នាក់ ដែលកំពុងនៅក្នុងទូកកៅស៊ូ។
យោងតាមគេហទំព័រព័ត៌មានជប៉ុន The Mainichi បានឲ្យដឹងថា នេះជាឆ្នាំទីពីរជាប់គ្នាហើយ ដែលសត្វផ្សោតបានបង្ករបួសមនុស្សនៅឆ្នេរក្នុងខេត្ត Fukui នៅឆ្នេរសមុទ្រជប៉ុន។ កាលពីរដូវក្តៅមុន មនុស្សយ៉ាងតិច ៦នាក់ ត្រូវបានសត្វផ្សោតខាំ ដែលគេគិតថាជាសត្វផ្សោតមាត់ដបឥណ្ឌូប៉ាស៊ីហ្វិក (Tursiops aduncus) ជាមួយនឹងករណីធ្ងន់ធ្ងរបំផុតដែលតម្រូវឱ្យដេររហូតចំនួន ១៤ ថ្នេរ។
ប៉ូលីសក្នុងតំបន់ បានប្រាប់គេហទំព័រ Asahi Shimbun របស់ប្រទេសជប៉ុនថា បុរសដែលឆ្អឹងជំនីរបាក់ បានហែលទឹក 16 ហ្វីត (5 ម៉ែត្រ) ពីច្រាំងនៅឆ្នេរ Suishohama នៅពេលដែលសត្វផ្សោតមួយក្បាលនោះ បានមកខាំគាត់។ បុរសម្នាក់ទៀត ត្រូវបានខាំដៃឆ្វេងរបស់គាត់នៅព្រឹកថ្ងៃដដែល ហើយ BBC បានរាយការណ៍ថា អ្នកទេសចរ២នាក់ទៀត ត្រូវបានវាយប្រហារនៅថ្ងៃនោះដែរ បើទោះបីជាមានព័ត៌មានលម្អិតតិចតួចអំពីឧបទ្ទហេតុទាំងនេះក៏ដោយ។
ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុថ្មីៗនេះបាននាំឱ្យចំនួននៃការវាយប្រហាររបស់សត្វផ្សោតនៅក្នុងទីក្រុង Fukui កើនឡើងដល់៦ករណីនៅឆ្នាំនេះ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើពួកវាទាំងអស់ ត្រូវបានប្រព្រឹត្តដោយសត្វដូចគ្នាដែរឬទេ។ អាជ្ញាធរបានព្រមានអ្នកហែលទឹក មិនឱ្យចូលទៅជិត ឬប៉ះថនិកសត្វទាំងនោះទេ។
សត្វផ្សោតព្រៃកម្រវាយប្រហារមនុស្សណាស់ ខណៈករណីមួយបានរាយការណ៍ថា មានការវាយប្រហារដ៏សាហាវក្នុងឆ្នាំ១៩៩៤ នៅឯឆ្នេរសមុទ្រសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ប៉ុន្តែថនិកសត្វនេះត្រូវបានគេដឹងថា ខាំ ឬទាញមនុស្សនៅក្រោមទឹក នៅពេលដែលពួកវាមានអារម្មណ៍ថា មានការគំរាមកំហែង យាយី, នេះបើយោងតាមរដ្ឋបាលជលផលជាតិ នៃមហាសមុទ្រ និងបរិយាកាស (NOAA)។
លោក Giovanni Bearzi អ្នកជំនាញសត្វវិទ្យា និងជាប្រធានអង្គការមិនរកប្រាក់ចំណេញ Dolphin Biology Conservation នៅប្រទេសអ៊ីតាលី បាននិយាយថា សត្វផ្សោតពេញវ័យអាចសម្លាប់អ្នកហែលទឹកបានយ៉ាងងាយ ប្រសិនបើ [វា]] ពិតជាមានបំណងធ្វើដូច្នេះមែន។ ហើយសត្វផ្សោតក៏អាចវាយប្រហារផងដែរ ប្រសិនបើពួកគេយល់ថា មនុស្សហែលទឹកនៅកន្លែងសំខាន់សម្រាប់សកម្មភាពស៊ីចំណី ឬបន្តពូជរបស់ពួកវា ដែលមិនអើពើនឹងសញ្ញាព្រមានរបស់សត្វ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង