កំពង់ស្ពឺ៖ នៅរសៀលថៃ្ងទី២២ កក្កដា ២០២៣ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក្រោមការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីលោកជំទាវ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្តិសុខ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ស្វាយ សុផាត ជាអ្នកសារព័ត៌មាន គេហទំព័រ អ្នកមើលផ្លូវ ពាក់ព័ន្ធករណីបង្ហោះព័ត៌មាន ញុះញង់ បង្កចលាចល ប៉ះពាល់ដល់ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយសមត្ថកិច្ចសាកសួរជនសង្ស័យ ស្វាយ សុផាត បានទទួលស្គាល់ថាខ្លួនពិតជាបានបង្ហោះព័ត៌មានតាមបណ្ដាញសង្គម គណនី ហ្វេសប៊ុកឈ្មោះ សឹម ផាន ដោយធ្វើការផ្សាយនិយាយផ្ទាល់បរិហារ ទៅលើអង្គព្រះមហាក្សត្រ ដោយលើកយកហេតុផលថាថៃ្ងនេះ ជាស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រៀមខ្លួនទៅបោះឆ្នោតនៅព្រឹកថៃ្ងស្អែកទី២៣ កក្កដា ២០២៣ គឺពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានព័ត៌មាននិងធ្វើឱ្យពលរដ្ឋមានការច្របូកច្របល់ ដោយ “ចោទប្រកាន់ទៅលើ អង្គព្រះមហាក្សត្រ ថាហ៊ានស៊ីញ៉េឲ្យពលរដ្ឋចេញទៅបោះឆ្នោត” ម្ដេចមិនហ៊ាន ស៊ីញ៉េ ឲ្យអ្នកជាប់ទោស កាត់ទោសប្រហារជីវិត ។ ចេតនាបុគ្គលខាងលើមានបំណងឲ្យប្រជាពលរដ្ឋយល់ច្រឡំនិងបង្កភាពចលាចលតាមទស្សនៈរបស់ក្រុមពួកគេ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យឈ្មោះ ស្វាយ សុផាត ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







