ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត នៅប្រទេសបារាំង

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សន្និសីទនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩ និងដែលមានអ្នកចូលរួមសរុបប្រមាណ ៧០០ រូប និងមានការចូលរួមឡើងថ្លែងមតិពីសំណាក់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំងផងដែរ។

សូមគូសបញ្ជាក់ជូនថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២ នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានលុបចោលទោសប្រហារជីវិត។ កម្ពុជាបានលុបទោសប្រហារជីវិតចាប់តាំងពីឆ្នាំ១៩៨៩ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ឆ្នាំ១៩៨៩ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ ការលុបទោសប្រហារជីវិតនេះមានតម្លៃជាគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនេះគឺជាការផ្ដល់តម្លៃទៅដល់សិទ្ធិរស់រានមានជីវិត និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ស្របតាមច្បាប់អន្តរជាតិ និងបរិបទសង្គមនិងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់។

នៅក្នុងវេទិកានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងរៀបចំនីតិវិធីផ្ដល់សច្ចាប័នលើពិធីសារបន្ថែមទី២ លើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធពលរដ្ឋនិងសិទ្ធិនយោបាយ ក្នុងគោលបំណងលុបបំបាត់ទោសប្រហារជីវិត។ ការផ្តល់សច្ចាប័ននេះគឺជាជំហានថ្មីមួយ ដែលស្របជាមួយនឹងរដ្ឋធម្មនុញកម្ពុជា និងការអនុវត្តនៅកម្ពុជាជាង ៣ ទសវត្សរ៍កន្លងមក និងក៏ជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ចំពោះការលុបបំបាត់ទោសប្រហាជីវិត និងការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ក្រោយពីការផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនេះ កម្ពុជានឹងមានកាតព្វកិច្ចជាអន្តរជាតិ ដោយមិនត្រូវបង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញឡើយនាពេលអនាគត។ រក្សាសិទ្ធិដោយ៖សុទ្ធលី