បុរសជា influencer ផ្នែកកាយសម្បទាអាយុ ៣៣ ឆ្នាំម្នាក់ មកពីប្រទេសឥណ្ឌូនេស៊ី បានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ បន្ទាប់ពីគាត់បានជួបឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់មួយ នៅក្នុងកន្លែងហាត់ប្រាណនៅកោះបាលី បានបណ្តាលឱ្យ.ករបស់គាត់ ត្រូវបាក់ក្រោមទម្ងន់ដុំដែក ២១០ គីឡូក្រាម។
CNA បានរាយការណ៍ឲ្យដឹងថា បុរសនោះមានឈ្មោះ Justyn Vicky ជាគ្រូបង្វឹក និងជាអ្នកហាត់កាយវប្បកម្ម កំពុងហាត់ប្រាណនៅឯកន្លែងហាត់ប្រាណ Paradise Bali កាលពីថ្ងៃទី១៥ ខែកក្កដា នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។
ហេតុការណ៍នេះ ក៏ត្រូវបានកត់ត្រាក្នុងវីដេអូ ហើយចាប់តាំងពីពេលនោះមក ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។
នៅក្នុងវីដេអូនោះ បានបង្ហាញលោក Vicky កំពុងតែព្យាយាមអង្គុយងើបជាមួយ «ដុំដែក» នៅលើស្មារបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនអាចក្រោកឈរបានឡើយ បន្ទាប់ពីអង្គុយចុះ ជាមួយទម្ងន់ដុំដែកនៅលើគាត់។ គាត់បានដួលចូលទៅក្នុងទីតាំងអង្គុយវិញ ខណៈដុំដែកដ៏ធ្ងន់ធ្លាក់មកលើ.ក.របស់គាត់។
ឧបទ្ទវហេតុនេះបានធ្វើឱ្យ Vicky ជួបជាមួយគ្រោះថ្នាក់ «ការបាក់ក និងការបង្ហាប់នៃសរសៃប្រសាទសំខាន់ៗ ដែលភ្ជាប់ទៅកាន់បេះដូង និងសួតរបស់គាត់»។
បន្ទាប់មក អ្នកមានឥទ្ធិពលផ្នែកកាយសម្បទារូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានបាត់បង់ជីវិត បន្ទាប់ពីការវះកាត់សង្គ្រោះបន្ទាន់ មិនអាចជួយជីវិតគាត់បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង