ជាការពិតណាស់ រឿងអាស្រូវទាក់ទងទៅនឹងទង្វើដ៏គំរោះគំរើយ ជាពិសេសសំដីដ៏អាក្រក់ របស់បុគ្គលិកពេទ្យមួយចំនួន ធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា គឺតែងធ្វើឲ្យប្រជាពលរដ្ឋជាឪពុកម្តាយជាច្រើន មិនសប្បាយចិត្ត និងឈឺចាប់យ៉ាងខ្លាំង ព្រោះតែមិនអាចទទួលយកបាន ចំពោះពាក្យសម្តីដ៏គ្មានក្រមសិលធម៌របស់បុគ្គលិកពេទ្យនៅទីនោះ ដែលល្បីថាភាគច្រើនជាគ្រូពេទ្យវ័យចំណាស់ៗតែម្តង។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ស្រ្តីម្នាក់ដែលក៏ជាសប្បុរសជន តែងផ្តល់ជំនួយឧបត្ថម្ភដល់មន្ទីរពេទ្យនេះ បានសម្រេចចិត្តថតវីដេអូបង្ហោះ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកព្រោងព្រាត បន្ទាប់ពីគាត់បានជួបបុគ្គលិកពេទ្យសម្តីអាក្រក់ម្នាក់ ដែលគាត់មិននឹកស្មានដល់ ខណៈពេលគាត់បានយកក្មួយមកឲ្យពេទ្យជួយសង្គ្រោះ បន្ទាប់ពីយកទៅពេទ្យឯកជន ក្តៅខ្លួនមិនបាត់ ៥ ថ្ងៃ (គ្រាន់តែអន់ ហើយក្តៅវិញ)។
ស្រ្តីរូបនោះ ក៏បានប្រាប់តាមរយៈខមិនថា ដោយសារយកទៅពេទ្យឯកជន [ក្តៅមិនបាត់] ក៏សម្រេចចិត្តយកក្មួយមកមន្ទីរពេទ្យពេទ្យគន្ធបុប្ផា -ទីកន្លែងដែលអាណាព្យាបាលជាច្រើនមកតាំងពីបណ្តាខេត្ត ដើម្បីនាំយកកូនៗមកឲ្យពេទ្យជួយសង្គ្រោះអាយុជីវិត ព្រោះជឿជាក់លើថ្នាំព្យាបាលល្អ។ ប៉ុន្តែ រូបគាត់ដែលជាម្ចាស់ជំនួយម្នាក់ ពិតជាស្លុតចិត្តយ៉ាងខ្លាំង នៅពេលបានជួបបុគ្គលិកដែលបានប្រើពាក្យសម្តីដ៏គ្មានគុណធម៌ និងក្រុមសិលធម៌ជាគ្រូពេទ្យសោះឡើយ។
ក្នុងនោះ គាត់បានបង្ហោះវីដេអូ និងភ្ជាប់សាររៀបឲ្យដឹងបែបនេះថា៖ «សុំផ្ញើរជូនពេទ្យប្រចាំការ នៅពេទ្យគន្ធរបុប្ផា PP ប្រចាំការនៅថ្ងៃ 23/07/2023 នេះផង! បើបានឃើញហើយមេត្តាកែចរិកចេញផង..! ១ខែៗ មានសប្បុសរជនជួយច្រើនណាស់ ក្នុងនោះក៏មានខ្ញុំនិងក្រុមគ្រួសារផងដែរ….! សូមបងប្អូនជួយស៊ែផង»។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដែលក៏ធ្លាប់ជួបរឿងនេះ បានចែករំលែកឲ្យដឹងថា៖ «រិះគន់ក្នុងន័យស្ថាបនា មិនជាន់ពន្លិច សូមបុគ្គលិកពេទ្យមួយចំនួនតូចគួរពង្រឹងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ កុំបំរើការងារតាមអារម្មណ៍ឲ្យសោះ ព្រោះអាយុជីវិតមនុស្សមានតម្លៃណាស់ ណាមួយប្រាក់ខែដែលអ្នកទទួលបាននោះ គឺមួយភាគធំពីមូលនិធិសប្បុរសធម៌។ ហើយខ្ញុំក៏បានជួបករណីនេះដែរ សួរមិនបាន ហើយមិនឆ្លើយតបជាមួយអាណាព្យាបាលអ្នកជម្ងឺ ព្រោះថាយើងជាឪពុកម្ដាយនៃកូនតែងតែព្រួយបារម្ភពីកូនជាពុំខាន។ ដូច្នេះទើបសួរពីអាការ:របស់កូន។ ចម្ងល់របស់ខ្ញុំវិញ បើចំសាច់ញាតិរបស់អ្នកវិញ តើអ្នកស្លន់ស្លោរដូចខ្ញុំដែរឬទេ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



