បើគិតពីផ្លែឈើល្បីឈ្មោះ ដែលថៃតែងនាំចេញទៅបរទេសបង្កើតចំណូលយ៉ាងសម្បើមដល់ប្រទេស។ ក្នុងនោះ មួយក្នុងចំណោមផ្លែឈើជាច្រើនប្រាកដជាមាន «ធុរេន» នៅក្នុងបញ្ជីហើយ។ ជាពិសេសប្រទេសចិន ដែលជាគោលដៅសំខាន់ ប៉ុន្តែនៅពេលនេះ កសិករទុរេនប្រហែលជាត្រូវពន្លឿនការកែតម្រូវ ព្រោះទុរេនអាចដាំនៅប្រទេសចិនរួចហើយ។
ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលគេបានឲ្យដឹងថា នៅខាងខេត្ត ហៃណាន ប្រទេសចិន បានកំពុងចាប់ផ្តើមប្រមូលផលទុរេនលើកដំបូង ដែលធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថា តើទីផ្សារទុរេនថៃនឹងត្រូវរងផលប៉ះពាល់ដែរឬទេ? ខណៈអ្នកវិភាគបានចង្អុលបង្ហាញថា មិនងាយបំបែកថៃបានទេ។
នេះបើតាមសារព័ត៌មានស៊ិនហួរថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឲ្យដឹងថា ផលដំណាំទុរេនដំបូង កំពុងស្ថិតក្នុងដំណើរការប្រមូលផលនៅខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឃ្លីបវីដេអូគេអាចមើលឃើញយ៉ាងច្បាស់ថា ទុរេនបានធ្លាក់ពីលើដើមស្រស់ៗ ខណៈផ្លែនីមួយមានសាច់ប្រហែល ៤-៥ គ្រាប់។
យោងតាមស្ថិតិ, ចិនបាននាំចូលទុរេនពីប្រទេសអាស៊ីអាគ្នេយ៍ ហើយជាធម្មតា ត្រូវបានប្រមូលផលនៅក្នុងកម្រិតទុំពី ៧០ ទៅ ៨០% ដែលមានឥទ្ធិពលវិជ្ជមានទៅលើរសជាតិ។
បើតាមអ្នកវិភាគ, ថ្វីត្បិតតែចិនអាចដាំទុរេនដោយខ្លួនឯងក៏ដោយ ប៉ុន្តែ ត្រូវបានគេចាត់ទុកថាជាតំបន់ផលិតកម្មតូចមួយ។ ចំនួននេះមានចំនួនតិចបើធៀបនឹងចំណែកទីផ្សារសរុប។ ហើយតាមស្ថិតិបានរកឃើញថា ចិនបាននាំចូលទុរេនចំនួន ៨២៥០០០ តោន ដែលភាគច្រើនមកពីប្រទេសថៃ។
អ្នកវិភាគបន្តថា ការដាំទុរេនរបស់ប្រទេសចិន វាស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយ។ មិនទាន់មានការដាំដុះជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំនៅឡើយទេ។ ដូច្នេះហើយ នឹងមិនមានផលប៉ះពាល់ដល់តម្លៃទុរេនក្នុងរយៈពេលខ្លីនោះទេ។ អត្ថប្រយោជន៏មួយទៀតរបស់ទុរេនថៃ គឺវាមានរសជាតិឆ្ងាញ់ប្លែកដែលប្រជាជនចិនទទួលយក ហេតុនេះហើយ បានជាផ្លែទុរេនថៃនៅតែអាចគ្រប់គ្រងទីផ្សារទុរេន បាននៅពេលអនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង