ថ្មីៗនេះ រូបភាពមួយសន្លឹកបង្ហាញទារកម្នាក់ស្ថិតក្នុងស្ថានភាពហើមពោះស្ពុរ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គមសម្តែងក្តីអាណិតអាសូរជាខ្លាំង និងភ្ញាក់ផ្អើល នៅពេលឃើញគ្រូពេទ្យបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីដោយសារបៅដោះម្តាយដែល «ផឹកស្រាថ្នាំ និងថ្នាំបុរាណសសៃខ្ចី»។
នេះបើយោងតាមគណនីហ្វេសប៊ុកគ្រូពេទ្យឈ្មោះ «វេជ្ជបណ្ឌិត កម្ពុជា» បានបង្ហោះឲ្យដឹងថា៖ «មើលលេងៗទៅអ្នកម្តាយ អាណិតកូន ជៀសបានជៀសទៅណា ទារកហើមពោះដោយសារបៅដោះម្តាយដែលផឹកស្រាថ្នាំ និងថ្នាំបុរាណសសៃខ្ចី!
ទារកអាយុ ៨ ថ្ងៃ មកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដោយមូលហេតុហើមពោះ មានសសៃឈាមរវាម។ ទារកនេះបៅធម្មតា តែក្អែរញឹកញាប់បន្ទាប់ពីបៅ មិនមានក្តៅខ្លួននោះទេ។
ទារកខានជុះពីរថ្ងៃមកហើយ ពោះក៏ចេះតែធំៗទៅ។ តាមការសាកសួរ ម្តាយបានផឹកស្រាថ្នាំ ២ កែវក្នុងមួយថ្ងៃ និងថ្នាំបុរាណដាំផឹកជាថ្នាំសសៃខ្ចីតាំងពីថ្ងៃទារកកើតមកម្លេះ។ តាមរយ:ការថតពោះបង្ហាញថា ទារកមានរីកថ្លើម ចាល់ខ្យល់ និងពោះវៀនរីកធំ មិនមានជំងឺ ឬ ដុំណាមួយក្នុងពោះពីកំណើតទេ ។ ឈាមបង្ហាញថាមុខងារថ្លើមប៉ះពាល់ធ្ងន់ធ្ងរ»។
ស្របជាមួយគ្នានេះ មានអ្នកម្តាយជាច្រើន ក៏បានយល់ស្របតាមការលើកឡើងរបស់គ្រូពេទ្យដែរថា៖ «ប្រាប់ទៅ គាត់ថាចាស់ៗផឹកតែចឹងមិចមិនអី អាយុវែងណាស់ តែឥលូវឈឺច្រើនវិញទេ, ចាស់ៗប្រាប់ថាអោយផឹកស្រាថ្នាំ និងថ្នាំសរសៃខ្ចីអោយច្រើន ទើបមានទឹកដោះ តែខ្ញុំក្បាលរឹងខ្ញុំមិនធ្វើតាមទេ ខ្ញុំស្ងោរតែស៊ុបទឹកដោះចេញច្រើន ហើយកូនមានសុខភាពល្អទៀត, ក្មួយខ្ញុំក៏មិនចឹងដែរ ខំហាមម៉ែវាចង់ងាប់នៅទៅផឹកថ្នាំខ្មែរ កើតបាន២០ថ្លៃពោះហើមចឹង អត់ជុះអត់ដើរខ្យល់,…»។ តែទន្ទឹមនឹងនេះ ក៏មានអ្នកម្តាយដទៃដែលជឿលើថ្នាំខ្មែរ បានយល់ឃើញបែបនេះថា៖ «ខ្ញុំផឹកថ្នាំខ្មែរ និងស្រាថ្នាំពេលសសៃរខ្ចីដែរ តែកូនខ្ញុំមិនអីផង, មែនហ្នឹងបង វាមិនមែនទាំងអស់ទេ ហើយក៍មិនអោយជឿទាំងស្រុងដែរ ខ្ញុំផឹកតាំងពីទំងន់២ខែ រហូតដល់កើត ឥលូវកូន១០ខែហើយ មិនឃើញមានអីទេ សុខភាពល្អ ប្រហែលមកពីថ្នាំអត់មានប្រភពច្បាស់លាស់ទេដឹង,…»។
ទោះជាយ៉ាងណា រឿងដែលល្អបំផុត គួរស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះសម័យនេះមិនដូចសម័យចាស់ពីជំនាន់ដើមអត់គីមីទេ ព្រោះមិនទាន់អីកុំអាលថា ឬចាំពេលអីបានជឿពេទ្យប្រាប់ ចៀសវាងបានចៀសទៅ ហូបតែអាហារដែលមានវីតាមីន ជីវជាតិគ្រប់គ្រាន់ទៅ គឺល្អទាំងម្តាយ និងកូនហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង