Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១​ឆ្នាំ​២០១៨ គយ​និង​រដ្ឋាករ ប្រមូល​ចំណូល​បាន​ជាង ១​ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ប្រមូល​បាន​ចំណូល​ជូន​រដ្ឋ ប្រមាណ ៤.៧៣៦​ប៊ី​លាន​រៀល ស្មើ​នឹង​ប្រមាណ ១.១៧២​លាន​ដុល្លារ ស្មើ​នឹង​ប្រមាណ ៥៦,៧​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់ គ្រង​ឆ្នាំ​២០១៨​។ បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៧ ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​អាករ​ផ្សេងៗ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ កើន ឡើង​ប្រមាណ ២៧,៨​ភាគរយ ក្នុង​នោះ​ចំណូល​ពី​មុខ​ទំនិញ​យានយន្ត​មាន​កំណើន ៤០,៥​ភាគរយ មុខទំនិញ​ប្រេង និង​ថាមពល​កើន ឡើង ១០,៥​ភាគរយ គ្រឿងសំណង់​កើនឡើង ២៦,៦​ភាគរយ និង​មុខ​ទំនិញ​ចម្រុះ​ផ្សេង​ទៀត​មាន​កំណើន​២៧​ភាគរយ​។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៨ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា ប្រភេទ​ពន្ធ និង​អាករ​សំខាន់ៗ​ដែល​ប្រមូល​ដោយ​គយ​មាន​ពន្ធគយ (​ពន្ធ​នាំចូល​) អាករ​ពិសេស និង​អាក​រលើ​តម្លៃ​បន្ថែម (VAT)​។ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ការប្រមូល​ពន្ធ​គយ​មាន​កំណើន​ជិត ១៦​ភាគរយ អាករ​ពិសេស​មាន​កំណើន ៣៩,៤​ភាគរយ ហើយ VAT មាន​កំណើន ២៧​ភាគរយ​។ ដោយឡែក​តួលេខ​បណ្ដោះអាសន្ន នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ តម្លៃ​នាំចូល​សរុប​មាន​កំណើន ១៧​ភាគរយ តម្លៃ​នាំ​ចេញ​សរុប​មាន​កំណើន​ជាង ៧​ភាគរយ ក្នុង​នោះ​តម្លៃ​ផលិតផល​កាត់ដេរ​នាំចេញ​កើនឡើង​ជិត ១៣​ភាគរយ និង​តម្លៃ​ផលិតផល​ស្រូវ និង​អង្ករ​កើនឡើង ៥៣​ភាគរយ​។​

​លោក គុណ ញឹម បានបញ្ជាក់​ថា កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ និង​កំណើន​ចំណូល​ពន្ធ និង​អាករ​គយ ដែល​សម្រេចបាន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់នេះ គឺ​ដោយសារ​កត្តា​មួយចំនួន ដែល​ក្នុងនោះ​កត្តា​សំខាន់ គឺ​ស្ថេរភាព​នយោបាយ​ក្នុងប្រទេស ដែល​ជា​មូលដ្ឋានគ្រឹះ​គាំទ្រ និង​ធានា​ប្រក្រតីភាព នៃ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម ន​សេវាកម្ម និង​ការប្រើប្រាស់​ជាទូទៅ ដែល​ប្រការ​ទាំងនេះ បាន​ជំរុញ​ឲ្យមាន​កំណើន​ការនាំចូល​មុខ​ទំនិញ​ផ្សេងៗ ឆ្លើយតប​នឹង​តម្រូវការ​និង​ការផ្គត់ផ្គង់​ក្នុងស្រុក​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​អគ្គនាយក​ក៏បាន​លើកឡើង​អំពី​លទ្ធផល​ល្អ​នៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​និង​ទំនើបកម្ម​គយ​និង ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ ផងដែរ​។ ក្នុងនោះ មាន​ការពង្រឹង​ប្រសិទ្ធិភាព​ការងារ​បច្ចេកទេស​គយ​, ការបង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​ទាំង​ក្នុង​អង្គភាព​គយ និង​ទាំង​ក្នុង​វិស័យ​ឯកជន​ជាដើម​។​

​សម្រាប់​ទិសដៅ​អនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៨ ប្រតិភូ​រាជរដ្ឋាភិបាល បាន​រំលឹក​ឡើងវិញ​នូវ​ការណែនាំ​ទាំង​៨​ចំណុច របស់លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​លើកឡើង​នា​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០១៧ កាលពី​ខែ​មករា កន្លងទៅនេះ​។ ទន្ទឹមនឹងនោះ​លោក​អគ្គនាយក ក៏​បាន​ដាក់ចេញ​វិធានការ​ជាក់លាក់​មួយចំនួន ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​តាម​គោលដៅ​នានា ដែល​បាន​កំណត់ ជាពិសេស​គឺ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​ចូល​ថវិកា​ជាតិ ឲ្យបាន​គ្រប់​និង​លើស​ផែនការ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×