ខ្យល់កន្រ្តាក់ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងរដ្ឋធានី Quindío ប្រទេសកូឡុំប៊ី ខណៈការដួលរលំរចនាសម្ព័ន្ធជាច្រើន ដែលក្នុងនោះ មានការដួលរលំនៃបង្គោលប៉ាណូមួយ, ដើមឈើ និងបាក់រលំនៃដំបូលអគារមួយចំនួន និងសូម្បីតែការដាច់ចរន្តអគ្គិសនី ត្រូវបានគេថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម។
ជាក់ស្តែង កាលពីសៀលថ្ងៃទី១៩ ខែកក្កដា មានខ្យល់បក់បោកយ៉ាងខ្លាំង បានបណ្តាលឲ្យបង្គោលប៉ាណូមួយ ដែលមានទីតាំងនៅ Carrera 18 ក្នុងផ្នែក La Secreta បានដួលរលំសង្កត់លើរថយន្តតូច១គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ដ៏រន្ធត់។ ប៉ុន្តែ សំណាងល្អ ដែលករណីនេះពុំបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត ដោយសារបង្គោលប៉ាណូនោះ បានធ្លាក់ចំផ្នែកខាងក្រោយនៃរថយន្ត ដែលបណ្តាលឲ្យខូចខាតយ៉ាងដំណំ។
ករណីមួយផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងសង្កាត់ Las Acacias នៃរដ្ឋធានី Quindío -ទីកន្លែងដែលដើមឈើមួយដើម បានដូលរលំលើមនុស្សពីរនាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូ ហើយត្រូវបានជាប់ក្រោមមែកឈើ។ ជនរងគ្រោះក៏ត្រូវបានជួយពីប្រជាសហគមន៍ និងភ្នាក់ងារសង្គ្រោះ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រៅពីនេះ ខ្យល់បក់បោកខ្លាំង ក៏បានបណ្តាលឲ្យបាក់រលំដំបូលចំណតសាធារណៈដ៏ធំមួយផងដែរ ដែលមានទីតាំងនៅ Carrera 12 ស្ថិតក្នុងតំបន់ដែលគេស្គាល់ថា Ciudad Milagro។
ទោះជាយ៉ាងណា ប្រឈមនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លានេះ អាជ្ញាធរក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋពិនិត្យ និងពង្រឹងស្ថានភាពដំបូលផ្ទះ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរ។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺថាវីដេអូនៃហេតុការណ៍បាក់រលំបង្គោលប៉ាណូសង្កត់លើរថយន្តដ៏រន្ធត់នេះ កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមខ្មែរយើង នាំគ្នាជេរយ៉ាងចាស់ៗដៃ ក្រោយគណនីមួយឈ្មោះ Bros Ty បានបង្ហោះបន្តពីគេថា ករណីនេះបានកើតឡើងនៅ «ខេត្តស្វាយរៀង» ខណៈខេត្តស្វាយរៀងពុំមានភ្នំបែបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង