ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទាន ជូនដល់សាធារណ ជន ព្រោះការធ្វើបែបនេះជាការល្មើសច្បាប់។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទនោះ នឹងត្រូវទទួលរងទណ្ឌកម្មវិន័យធ្ងន់ធ្ងរ រហូតឈានដល់ការដកហូតអាជ្ញាប័ណ្ណអាជីវកម្ម។
សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កន្លងមកធនាគារជាតិ បានជូនដំណឹងអំពី ការហាមឃាត់ការ ទទួលយកអត្តសញ្ញាប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាបន្ដបន្ទាប់ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ធនាគារជាតិ នៅតែមើលឃើញថា នៅតែមានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា។
ហេតុដូចនេះ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកជាថ្មីម្តងទៀត គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តតាមខ្លឹមសារនៃសេច ក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខធ៧.០១៦.២១០ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ឲ្យបានពេញលេញ និងម៉ឺង ម៉ាត់បំផុត។ ក្នុងករណីគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមួយ នៅតែបន្ដសកម្មភាព និងមិនយកចិត្ត ទុកដាក់អនុវត្ត តាមសេចក្ដីជូនដំណឹងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទនោះ នឹងត្រូវទទួលរងទណ្ឌ កម្មវិន័យធ្ងន់ធ្ងរ រហូតឈានដល់ការដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាធរមាន។
ធនាគារជាតិនៃកម្ពុជា សូមស្នើដល់សាធារណជន មានការប្រុងប្រយ័ត្ន និងចៀសវាងការប្រើប្រាស់ អត្តសញ្ញាប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការខ្ចីឥណទាននានា៕ ដោយ ៖ កូឡាប