ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវ លើលទ្ធផលនៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត នីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តី ការ គ.ជ.ប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី