ភ្នំពេញ៖ សមាគមវារីវប្បករកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភនេះ ក្រោយពីបានឃើញតម្លៃត្រី កំពុងមានតម្រូវការច្រើន និងមានទីផ្សារឡើងវិញ។ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ តម្លៃត្រីចិញ្ចឹមក្នុងស្រុក កំពុងមានទីផ្សារល្អឡើងវិញ បន្ទាប់ពីបានថមថយ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយសារតែវិបិត្តិនៃជំងឺកូវីដ ១៩ បានរាតត្បាត។

ទន្ទឹមនិងទីផ្សារត្រីក្នុងស្រុកកំពុងល្អឡើងវិញនេះ ប្រធានសមាគមវារីវប្បករកម្ពុជា នៅតែព្រួយបារម្ភលើបញ្ហានៃកង្វះការផ្គត់ផ្គង់ត្រីលើទីផ្សារ ដោយសារតែអ្នកចិញ្ចឹមត្រីភាគច្រើន បានបោះបង់មុខរបរបស់ខ្លួនចោល ដូច្នេះធ្វើឲ្យអ្នកចិញ្ចឹមមានតិចតួចប៉ុណ្ណោះ។

លោក សុខ រ៉ាដែន បានឲ្យដឹងថា បើទោះបី ជាមានទីផ្សារល្អពិតមែន ប៉ុន្ដែការផ្គត់ផ្គង់អាចនឹងខ្វះខាត ដោយសារតែពីមុនអ្នកចិញ្ចឹមត្រីភាគច្រើនខាតបង់ខ្លាំង ដោយសារកត្តាជាច្រើន ធ្វើឲ្យអ្នកចិញ្ចឹមត្រីលែងបន្ដចិញ្ចឹម ហើយអ្នកចិញ្ចឹមខ្លះទៀតពុំមានដើមទុន ក្នុងការចាប់ផ្ដើមការចិញ្ចឹមឡើងវិញ។

លោក បានបន្ដថា ត្រីមានទីផ្សារ មានតម្លៃល្អ ប៉ុន្ដែមិនមានត្រីលក់ ដោយសារតែមិនមានអ្នកចិញ្ចឹមត្រី ព្រោះពីមុនអ្នកចិញ្ចឹមត្រីភាគច្រើន ប្រឈមនឹងបញ្ហានៃការក្ស័យធន និងមិនមានដើមទុនបន្ដចិញ្ចឹមត្រីឡើងវិញ ដូច្នេះធ្វើឲ្យត្រីខ្សត់ តម្លៃឡើង ចំណែកឯត្រីដែលនាំចូលពីប្រទេសវៀតណាម ក៏មានតម្លៃថ្លៃ ធ្វើឲ្យការនាំចូលកាត់បន្ថយច្រើន»។

លោក បានឲ្យដឹងថា ត្រីប្រា ត្រីពោ និងត្រីមួយចំនួនទៀត ចាប់ផ្ដើមមានតម្លៃល្អលើទីផ្សារ ត្រីប្រាបច្ចុប្បន្នមានតម្លៃចន្លោះ ៤៥០០-៤៧០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុន មានតម្លៃត្រឹមតែ ៤២០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
គួរបញ្ជាក់ថា បើតាមប្រធានសមាគមវារីវប្បករកម្ពុជា ដើម្បីរក្សានិរន្ដរភាពនៃការចិញ្ចឹមត្រីក្នុងស្រុក មានតែប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ដូចជា បន្លែ ត្រីសាច់ ឲ្យបានច្រើន និងមានស្ថិរភាព ទាំងតម្លៃ និងបរិមាណ និងមានវិធានការទប់ស្កាត់ ការនាំចូលខុសច្បាប់ ព្រោះថា ការគាំទ្រផលិតផលក្នុងស្រុក គឺគាំទ្រ និងលើកស្ទូយវិស័យកសិកម្ម និងវារីវប្បករកម្ពុជាឲ្យកាន់តែច្រើនឡើង៕