ភ្នំពេញ៖ ក្រោយខកខានធ្វើរយៈពេល៣ឆ្នាំ ដោយសារវិបិត្តិជំងឺកូវីដ១៩ រាតត្បាត ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី (ITTP) លើកទី១៤ នឹងប្រព្រឹត្តឡើងវិញចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (សាល A) រាជធានីភ្នំពេញ។

ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី (ITTP) លើកទី១៤នេះ រៀបចំដោយស្ថានទូតឥណ្ឌូនេស៊ី។ លោក Lauti Nia Astri ភារធារីទទួលបន្ទុកបណ្តោះអាសន្ននៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ពិព័រណ៍រយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែផ្សព្វផ្សាយផលិតផល និង ទិសដៅទេសចរណ៍ឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែក៏នឹងផ្សព្វផ្សាយសាលាឥណ្ឌូនេស៊ីដ៏ល្បីល្បាញ និងអាហារូបករណ៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាលផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មនេះ សាធារណជនអាចចូលទស្សនាកម្មវិធីជជែកកំសាន្ត ការសម្តែងសិល្បះ ការប្រកួតច្រៀងចម្រៀងឥណ្ឌូនេស៊ី ប្រកួតប្រជែងចំអិនអាហារ ការដើរម៉ូត ល្បែងកំសាន្ត ការប្រគុំតន្រ្តីជាដើម។

លោក Lauti Nia Astri បន្តថា អ្នកទស្សនា អាចមានឱកាសឈ្នះរង្វាន់នៅចុងថ្ងៃពិព័រណ៍ ហើយពិព័រណ៍នេះចូលរួមដោយឥតគិតថ្លៃ ជាមួយនឹងការចាប់ផ្តើមពិធីបើក ដែលមានការចូលរួមពីមន្រ្តីក្រសួងពាណិជ្ជកម្ម និងការសម្តែងវប្បធម៌ដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីរាជធានីភ្នំពេញ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងឥណ្ឌូនេស៊ីលើការវិនិយោគ និងពាណិជ្ជកម្ម បានចាប់ពីឆ្នាំ ២០១៧-២០២១ ហើយការវិនិយោគ និង ពាណិជ្ជកម្ម បានកើនឡើងត្រឹម ១,៩០ភាគរយ ខណៈការនាំចេញពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា កើនឡើង ០,៩៦ភាគរយ និងនាំចូលពីកម្ពុជា ទៅឥណ្ឌូនេស៊ី កើនឡើង ១៥,៨ ភាគរយ ។ ហើយកាលពីឆ្នាំ២០២២ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើការធ្វើពាណិជ្ជកម្ម មានទំហំ ៩៤៨,៥៣៣ លានដុល្លារ គឺកើនឡើង ៤៨,២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា នៅក្នុងឆមាសទី ១ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជរវាងកម្ពុជា និងឥណ្ឌូនេស៊ី បានកើនឡើង ៤៣,២ភាគរយ ដែលគិតជាទឹកប្រាក់ ៣០៤លានដុល្លារអាមេរិក៕