ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ បណ្តាលឲ្យរលំខូចខាតផ្ទះទាំងស្រុង សរុបចំនួន ៥ ខ្នង ដែលស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ។
ឆ្លើយតបទៅនឹងស្ថានភាពនេះលោក សរ វណ្ណា នាយកសាខា បានពាំនាំនូវបណ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ។ ហើយលោកនាយកសាខា បានសម្តែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដែលបានខិតខំប្រកប របររកស៊ីចិញ្ចឹមជីវិតមានជីវភាពធូធារ នឹងផ្ទះសម្បែងស់នៅបានសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញ ខូចខាត បែកបាក់ផ្ទះសម្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
ចំពោះអំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង ៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ២០០,០០០ រៀល ៕ វ៉ៃកូ