ភ្នំពេញ៖ មូលបត្របំណុលរបស់រដ្ឋ បានដាក់ចេញ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញមូលបត្របំណុលក្នុងទីផ្សារដំបូងគេតាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា ដែលជាឆ្នាំទី២ នៃការដាក់ចេញមូលបត្ររបស់រដ្ឋ។

បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ការដេញថ្លៃសម្រាប់មូលបត្របំណុលរដ្ឋ តាមរយៈវេទិកាដេញថ្លៃរបស់ធនាគារជាតិ ត្រូវបានធ្វើឡើងចំនួន ៦ដង ជាមួយនឹងដើមទុនសរុបចំនួន ប្រហែល២៧ លានដុល្លារ។

វិនិយោគិន ដែលបានវិនិយោគជាមួយមូលបត្របំណុលរដ្ឋ នឹងទទួលបានការកាត់ពន្ធកាត់ទុកចំនួន ៥០ភាគរយ លើការប្រាក់ ដែលទទួលបានពីការកាន់កាប់ ការជួញដូរមូលបត្របំណុល និងការលើកលែងពន្ធលើការទទួលបានដើមទុនពីការទិញ និងជួញដូរមូលបត្របំណុលសម្រាប់រយៈពេល ៣ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា បានរៃអង្គាសថវិកា តាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋ ជាមួយនឹងទឹកប្រាក់សរុបចំនួន ២៧លានដុល្លារ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ដែលស្មើនឹង ១៣.៥ ភាគរយនៃគោលដៅសរុបចំនួន ២០០លានដុល្លារ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងរៃអង្គាសប្រាក់ចំនួន ២០០លានដុល្លារពីមូលបត្របំណុល ដែលអាចនាំមកនូវប្រាក់ចំណូលដោយផ្ទាល់ និងធានាប្រសិទ្ធភាពនៃការវិនិយោគ និងនិរន្តរភាព នៃការគ្រប់គ្រងបំណុល និងថវិកាជាតិ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងបោះផ្សាយលក់មូលបត្របំណុលនេះឡើង គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទាន ក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការ សម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕