Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សរសើរ​ណាស់! នារី​ដ៏​ស្រស់​ស្អាត ប្រញាប់​ចុះពី​រថយន្ត​ទាំង​មេឃ​ភ្លៀង ដើម្បី​ជួយសង្គ្រោះ​បុរស​ម្នា​ក់ តែ​ក្រោយមក​ទើប​ដឹង​ថា​នាង​គឺជា…

ទង្វើដ៏ល្អរបស់នារីជនជាតិចិនម្នាក់ ដែលស្ថិតក្នុងឈុតសម្លៀកបំពាក់ជា cosplayer ប្រញាប់ប្រញាល់ចុះចេញពីរថយន្តរបស់នាង ដើម្បីជួយយុវជនម្នាក់ ដែលដួលសន្លប់នៅលើផ្លូវទាំងកណ្តាលមេឃភ្លៀង បានឆក់យកបេះដូងអ្នកប្រើប្រាស់អ៊ីនធឺណេតរាប់លាននាក់។

យោងតាម SCMP បានបញ្ចេញឲ្យដឹងថា ​នារី​ក្នុង​វីដេអូ​ឃ្លីប​ដែល​ល្បី​ពេញ​បណ្ដាញ​សង្គម​នោះ ត្រូវបានគេស្គាល់មានឈ្មោះ Zhang Xinyu ជានិស្សិតដែល​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ពី​សាកលវិទ្យាល័យ Suzhou។ ខណៈពេលដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ Xinyu មានចំណង់ចំណូលចិត្តមួយទៀត គឺការលេងឈុតសម្លៀកបំពាក់បន្ទាប់ ពីតួអង្គក្នុងរឿងកំប្លែងជប៉ុន។

នៅថ្ងៃកើតហេតុ (២១ ខែកក្កដា) Xinyu កំពុងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Bilibili World Comic Con ។ នៅ​ពេល​នោះ យុវតី​រូប​នេះ​បាន​ឃើញ​យុវជន​ម្នាក់​ ដួល​សន្លប់​ក្រោមដំណក់ទឹក​ភ្លៀង នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ជាតិ​សៀងហៃ។

តែបើទោះបីជាមេឃកំពុងធ្លាក់ភ្លៀង ផ្លូវសើម ជោគជាំដោយភក់យ៉ាងណាក៏ដោយ តែនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះ ដែលស្ថិតក្នុងឈុតដូចព្រះនាង មិនស្ទាក់ស្ទើរ ក្នុងការប្រញាប់ប្រញាល់ចុះពីឡាន ដើម្បីជួយបុរសវ័យក្មេងដែលកំពុងត្រូវការការជួយសង្គ្រោះជីវិតនោះទេ។

វីដេអូដែលថតដោយមិត្តរបស់នាង និងត្រូវបានចែករំលែកនៅលើគេហទំព័រ Douyin ទទួលបានការចូលមើលជាង ៧ លានដង។ វីដេអូឃ្លីបបានបង្ហាញ Xinyu លុតជង្គង់ជួយបុរសរងគ្រោះ បើទោះបីជាសម្លៀកបំពាក់ព្រះនាងដ៏ស្រស់ស្អាតរបស់នាង ត្រូវបានប្រឡាក់ដោយទឹកភ្លៀងក៏ដោយ។ ក្នុងការជួយសង្គ្រោះបឋមទៅដល់យុវជននោះ Xinyu ត្រូវបានលឺនិយាយថា «ដកដង្ហើមឲ្យវែងៗ កុំព្យាយាមកម្រើកក្បាល បើអ្នកមានអារម្មណ៍វិលមុខ សូមច្របាច់ដៃរបស់ខ្ញុំ»។

បន្ទាប់មក នាងបានជួយហៅរថយន្តសង្គ្រោះ មកដឹកបុរសនោះ ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យផងដែរ។

Xinyu បាននិយាយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា បន្ទាប់ពីទទួលបានការសង្គ្រោះបឋម សុខភាពរបស់យុវជនរូបនេះមានស្ថេរភាព។ ​គេ​ដឹង​ថា បុរស​ម្នាក់​នេះ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ​នាំ​ឱ្យ​ដួល​សន្លប់។

ចែករំលែកជាមួយទូរទស្សន៍ Suzhou យុវជនរូបនោះ បាននិយាយដោយសប្បាយរីករាយថា «ខ្ញុំសប្បាយចិត្តណាស់ ដែលត្រូវបានជួយសង្គ្រោះដោយបងស្រីដ៏ស្រស់ស្អាតម្នាក់»។

ជាមួយគ្នានេះផងដែរ ឃើញថា មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនធំ បានបញ្ចេញអារម្មណ៍ចេញពីបេះដូង កោតសរសើរនូវទឹកចិត្ត និងភាពក្លាហានរបស់នារីវ័យក្មេងរូបនេះជាខ្លាំង។ ឆ្លើយតបនឹងការមតិលើកសរសើរ Xinyu បាននិយាយថា នាងគ្រាន់តែធ្វើអ្វីដែលគ្រូពេទ្យនឹងធ្វើប៉ុណ្ណោះ។ នាងក៏បានបន្ថែមថា «Cosplay គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ការសង្គ្រោះជីវិត គឺជាសភាវគតិរបស់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×