ភ្នំពេញ៖ ក្នុងជំហានទី២ នៃការអភិវឌ្ឍន៍គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បាប់នានានៅកម្ពុជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានគ្រោងនូវកញ្ចប់ថវិកា ប្រមាណ ២០០ លានអឺរ៉ូ បន្ថែមទៀត ដល់ក្រសួងធនធានទឹក និងឧតុនិយម ដែល គម្រោងជំហានទី ២ នេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ តទៅ ដោយបែងចែកចេញជា ៤ ដំណាក់កាល។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Vatché PAPAZIAN នាយកគម្រោងទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ (Project Manager in Unit of Agriculture, Rural Development and Biodiversity, AFD-Paris) នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី លឹម គានហោ បានស្វាគមន៍ចំពោះលោក Vatché PAPAZIAN និងសហការី ដែលបានមកបំពេញ បេសកកម្មក្នុងរយៈពេល ១០ថ្ងៃ នៅកម្ពុជា ដើម្បីពិនិត្យវាយតម្លៃ ទៅលើប្រព័ន្ធធារាសាស្ត្រ និងព្រែកនានា ដែលក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តក្រោមហិរញ្ញប្បទានពី AFD ក្នុងជំហានទី១ កន្លងមក ក៏ដូចជា ការចុះពិនិត្យវាយតម្លៃ លើទីតាំងគម្រោងថ្មីៗ ដែលនឹងត្រូវអនុវត្តក្នុងជំហានទី២ បន្តទៀត ។
លោក PAPAZIAN ក៏បានថ្លែងប្រាប់លោករដ្ឋមន្ត្រីថា នេះគឺជាបេសកកម្មលើកចុងក្រោយ របស់លោក មកកាន់កម្ពុជា ។ ក្រោយពេលបញ្ជប់បេសកកម្មនេះ លោកនឹងត្រូវចូលនិវត្តន៍ ហើយលោកស្រី Alexia Hoffmann និងបន្តការងារពីលោក ។ លោក PAPAZIAN បានបន្ថែមថា ក្នុងជំហានទី២នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានគ្រោងនូវកញ្ចប់ថវិកា ប្រមាណ ២០០ លានអឺរ៉ូ បន្ថែមទៀត សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម យកទៅអភិវឌ្ឍន៍គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បប់នានា ។ គម្រោងជំហានទី ២ នេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ តទៅ ដោយបែងចែកចេញជា ៤ ដំណាក់កាល ។ លោកបន្តថា សម្រាប់ដំណាក់កាលទី១ ឆ្នាំ ២០១៨-២០១៩ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានកញ្ចប់ថវិកាសរុបប្រមាណពី ៧១,៥- ៧៣,៥ លានអឺរ៉ូ ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះបេសកកម្ម របស់ប្រតិភូ AFD នៅកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលជានិច្ចកាល បានយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍវិស័យ ធនធានទឹកនៅកម្ពុជា ៕ ដោយ៖បញ្ញាស័ក្តិ