Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ដែលទិញផ្ទះបង់រំលស់ជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការបង់សងទៅម្ចាស់បុរី បានមកដាក់ពាក្យស្នើសុំជួយសម្របសម្រួលពីនិយ័តករអចលនវត្ថុ និងបញ្ចាំ រហូតមកដល់ពេលនេះ កើនដល់ ៤៧០នាក់

ភ្នំពេញ៖ បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលទិញផ្ទះបង់រំលស់ជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការបង់សងទៅម្ចាស់បុរី បានមកដាក់ពាក្យស្នើសុំជួយសម្របសម្រួលពីនិយ័តករអចលនវត្ថុ និងបញ្ចាំ រហូតមកដល់ពេលនេះ កើនដល់៤៧០នាក់។

 ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា ប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការបង់សងទៅម្ចាស់បុរី ដែលបានមកដាក់ពាក្យស្នើសុំជួយសម្របសម្រួលពីនិយ័តករអចលនវត្ថុ និងបញ្ចាំ រហូតមកដល់ពេលនេះ កើនពី ៤៦០ទៅ ៤៧០នាក់។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏កំពុងតាមដាន និងពិនិត្យមើលគម្រោងបុរីទាំងឡាយណា ដែលទទួលប្រាក់ពីអតិថិជនរួចហើយ ប៉ុន្តែមិនទាន់មានផ្ទះប្រគល់ជូនអតិថិជនទៅតាមការកិច្ចសន្យាទិញ-លក់ ដើម្បីឈានទៅរកការចាត់ចំណាត់ការចំពោះគម្រោងបុរីនោះ។

ឯកឧត្តម ជូ វណ្ណៈ បានគូសបញ្ជាក់ថា នៅពេលអតិថិជនបង់ប្រាក់យឺតយ៉ាវ ឬក៏សុំពន្យាពេលបង់រំលស់ផ្ទះដោយសារជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានម្ចាស់បុរីមួយចំនួនរឹបអូសផ្ទះរបស់ពួកគាត់ត្រឡប់ទៅវិញ ដូច្នេះយើងក៏អាចធ្វើឲ្យមានតម្លាភាពដូចគ្នាដែរ។ ទោះជាយ៉ាងណា លោកសង្ឈឹមថា ទាំងភាគីម្ចាស់បុរី និងអតិថិជន នឹងមានការយោគយល់គ្នា ក្នុងគ្រាដ៏លំបាកនេះ ដោយទទួលយកយន្តការដោះស្រាយឈ្នះឈ្នះ ទាំងអស់គ្នា។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា កន្លងទៅនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)នៃក្រសួងសេដ្ឋកិច្ច បានអំពាវនាវដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង៕

×