ភោជនីយដ្ឋាន និងកន្លែងលក់ផ្សេងៗ តែងតែមានយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីទាក់ទាញអតិថិជន ឲ្យមកចូលកន្លែងរបស់ពួកគេ។ យុទ្ធសាស្ត្រដែលទាក់ទាញភ្ញៀវបំផុត ជាទូទៅ មានដូចជាការបញ្ចុះតម្លៃ និងការទិញមួយ ថែមមួយជាដើម។
ប៉ុន្តែភោជនីយដ្ឋានមួយនេះនៅក្នុងប្រទេសចិន បានបង្កើតយុទ្ធសាស្ត្រខុសប្លែកពីគេ ដើម្បីទាក់ទាញអតិថិជន។ ភោជនីយដ្ឋាននឹង មានការផ្តល់ជូនការហូបអាហារដោយមិនគិតថ្លៃ ប្រសិនជាអតិថិជន អាចធ្វើរឿងមួយបាន នោះគឺការឆ្លងកាត់ទ្វារ ដែលមានរបងដែក និងមានចន្លោះតូចល្មម។
របងទ្វារមានចំនួន ៥ចន្លោះ ហើយចន្លោះនីមួយៗកាន់តែតូចទៅៗ ដើម្បីឲ្យអតិថិជនធ្វើការ សាកល្បងចូលពីចន្លោះទី១ រហូតដល់ចន្លោះទី ៥ ដែលមានទំហំតូចបំផុត មានទំហំ ១៥សង់ទីម៉ែត្រ។
យុទ្ធសាស្ត្រនេះ មិនត្រឹមតែទាក់ទាញភ្ញៀវបានច្រើនឲ្យមកសាកល្បងនោះទេ តែខាងភោជនីយដ្ឋានមិនមានការខាតបង់អ្វីនោះទេ ដោយខាងម្ចាស់ភោជនីដ្ឋានបញ្ជាក់ថា មានមនុស្សតែម្នាក់ប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ អាចឆ្លងកាត់ទ្វារនោះបាន ហើយអ្នកទាំងអស់នោះគឺជាមនុស្សស្រី។
ម្ចាស់ភោជនីយដ្ឋានខាងលើឈ្មោះ Zhao Lang បានសារភាពថា ការប្រើយុទ្ធសាស្ត្រទាក់ទាញភ្ញៀវបែបនេះកើតឡើងដោយចៃដន្យនោះទេ។ គាត់ថាគាត់នឹកឃើញពីយុទ្ធសាស្ត្រនេះ គឺនៅពេលទ្វារចូលរបស់ភោជនីយដ្ឋានបានខូច ហើយបុគ្គលិកបានប្រជ្រៀតចូលតាមរបាដែកនោះ ដើម្បីចូលក្នុងភោជនីយដ្ឋាន។
គាត់បញ្ជាក់ទៀតថា គោលបំណងនៃការបង្កើតប្រូមូសិន នេះគឺដើម្បីឲ្យប្រជាជនមានការគិតគូរពីការទទួលទានរបបអាហាររបស់ពួកគេ។ ធម្មតាទេ នៅពេលមានម្ហូបឆ្ងាញ់ យើងប្រាកដជាសប្បាយហូបហើយ ប៉ុន្តែពួកគេក៏ត្រូវគិតគូរពីបរិមាណម្ហូបដែលពួកគេហូបដែរ ដើម្បីចៀសវាងការមានបញ្ហាសុខភាព នៅពេលក្រោយ ដូចជាការធាត់ជ្រុលជាដើម៕ សុភ័ក្ត្រ
ប្រភព៖ Trendszilla