Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ប្រាប់​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជំរុញ​ដល់​គ្រប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្លាំងក្លា​បន្ថែម និង​ត្រូវ​តែ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ឬ​សាសនា​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​ប្រគល់​នូវ​ទោចក្រយានយន្ត​ចំនួន ១.៦៤៦​គ្រឿង ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំង​ប្រទេស​ជា​លើក​ទី​៤ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា ក្នុងនាម​យើង​ជា​នគរបាល​បម្រើ​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​បន្ថែមទៀត ការពារ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ដល់​ពួកគាត់ កុំ​គិត​ថា ពួកគាត់​មក​ពី​គណបក្ស​ណា ឬ​កាន់​សាសនា​ណា​នោះឡើយ ហើយ​ជាងនេះទៅទៀត​ត្រូវ​បំបាត់​ឱ្យ​អស់​នូវ​ភាពខ្វះ​ខាត់​ទាំងឡាយ ដែល​បាន​ធ្វើឱ្យ​ពួកគាត់ មានការ​ថ្នាំងថ្នាក់​នា​ពេល​កន្លងមក​នោះ​។ ប៉ុស្តិ៍នគរបាល គឺជា​ប្រតិបត្តិ​ករ​យ៉ាងសំខាន់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ត្រូវតែ​ថែរក្សា​ការពារ​នូវ​សន្តិសុខ ជូន​គាត់​ឲ្យបាន​ទាន់​ពេលវេលា និង​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ។​

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​អំពាវនាវ​ដល់​គ្រប់​បណ្តា​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​ជួយ​ថែរក្សា​នូវ​ទោចក្រយានយន្ត​ដែល​ថ្នាក់លើ​ប្រគល់ជូន​នេះ កុំ​យក​ទៅ​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន ត្រូវ​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ដើម្បី​បញ្ជៀ​សការ​រិះគន់​ដោយ​ប្រការ​ណាមួយ​ជា​ដើម​។​បន្ថែម​ពី​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ថ្នាក់ដឹកនាំ​នគរបាល​នៅតាម​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញ​ភារកិច្ច​របស់​ខ្លួន​តាម​ច្បាប់​កំណត់ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្ដបន្ទាប់​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ជំរុញ​ដល់​នាយ​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​ក្នុង​ការការពារ​នូវ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ជូន​ដល់​បណ្តា​គណបក្ស​នយោបាយ​នានា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​បាន​នឹង​កំពុង​ប្រព្រឹត្ត​ឡើង​នា​ពេល​នេះ។​

​សម្ដេច​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ប៉ុស្ដិ៍​នគរបាល​យើង​មាន​ភារកិច្ច​ការងារ​ប្រជាពលរដ្ឋ​ទាំងអស់ មិនមែន​ការងារ​តែ​ក្រុម​ណាមួយ​នោះ គឺ​ការពារ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​រើសអើង ហើយ​ក្រុមប្រឹក្សា​ឃុំ មេឃុំ​ចៅសង្កាត់ គឺ​យើង​ទទួលបាន​អាណត្តិ​ពី​ប្រជាពលរដ្ឋ គឺ​យើង​មាន​ភារកិច្ច ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​យើង ដើម្បី​ធានា​សន្ដិសុខ អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ពួកគាត់​។​

​បើ​តាម​សម្ដេច​ក្រឡាហោម ស ខេង បញ្ហា​សំខាន់​នៅ​ត្រង់​ថា ប្រសិនបើ​អ្នក​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​ទាំងឡាយ មិន​មាន​ទស្សនៈ​ឲ្យបាន​ត្រឹមត្រូវ ហើយ​ប្រកាន់​នូវ​ទស្សនៈ​បែងចែក លាប​ពណ៌ រើសអើង​សាសនា ពូជសាសន៍​ជាដើម​នៅ​មូលដ្ឋាន ទោះបី​ថា​ថ្នាក់​ដឹក​នា​នោះ ពូកែ​យ៉ាង​មិច​ក៏ដោយ​ក៏​ធ្វើ​ការងារ​មិនបាន​ល្អ​នោះ​ដែរ​។​

​សម្ដេច ស ខេង បាន​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ណា គឺជា​សិទ្ធិ​របស់​ពួកគាត់ តែ​អ្វី​ដែល​សំខាន់​ក្នុង​នាម​ជា​សមត្ថកិច្ច អ្នកផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ត្រូវតែ​គោរព​សិទ្ធិ​សម្រេច​ប្រជាពលរដ្ឋ និង​បម្រើសេវា​ឲ្យបាន​ល្អ​ប្រសើ​រ ដើម្បី​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​។ មួយវិញទៀត ប្រសិន​អនុវត្ត​នយោបាយ​លាប​ពណ៌​គ្នា ហើយ​នោះ ក្នុង​មូលដ្ឋាន​មិន​បាន​សុខ​នោះទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ទាំងអស់​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​អាកប្បកិរិយា សុភាពរាបសារ ស្លូតបូត មិន​ឆ្មើង មិន​ក្រ​អើត​ក្រ​ទើម មិន​កោងកាច ត្រូវមាន​សីលធម៌ សុជីវធម៌​ល្អ ប៉ុន្ដែ​ត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ការអនុវត្ត​ច្បាប់ ដើម្បី​រក្សាបាន​នូវ​គុណ​តម្លៃ​ជា​មន្ដ្រី​នគរបាល ដែល​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា បើ​តាម​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្ដីទី បានឲ្យដឹងថា ការប្រគល់​ម៉ូតូ​នេះ គឺជា​លើក​ទី​បួន​ហើយ ដែល​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ប្រគល់​ម៉ូតូ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ភាព ងាយស្រួល​បន្ថែមទៀត ដល់​កងកម្លាំង​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ហើយ​ក្រៅពី​ប្រគល់​នូវ​ទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បាន​សម្រេច​ប្រគល់​នូវ​សាំង ចំនួន​១២០​លីត្រ និង​ថវិកា​ចំនួន​១២០០០០០​រៀល ក្នុង​មួយ​ត្រីមាស​៕​ ​ដោយ​ ៖ ​កូឡាប​

×