ថ្មីៗនេះ ថៅកែហាងពេជ្រព្រែកព្នៅ និងឥឡូវ ក៏ក្លាយជាតារាសម្តែង អ្នកស្រី ទ្រី ដាណា ត្រូវបានមហាជនរិះគន់ឡើងព្រោងព្រាត ក្រោយពីបានថតបង្អួតរូបសម្រស់ ជាមួយរថយន្តថ្លៃ នៅលើផ្លូវល្បឿនលឿន (ភ្នំពេញ-កំពង់សោម) ខណៈពុំមានអ្នកដំណើរណាម្នាក់ ហ៊ានឈប់ថតបែបនេះឡើយ។
ពិតណាស់ ក្រោយពីបានឃើញអ្នកស្រី ទ្រី ដាណា បង្ហោះរូបប៉ុន្មានសន្លឹក អមជាមួយរថយន្តសេរីទំនើបរបស់ខ្លួន ឈប់ឡានឈេថតនៅលើផ្លូវល្បឿនលឿន អបជាមួយសំណេរបែបនេះថា៖ «អ្នកកំពុងសោមសុំបាយមួយពេលបានអត់» បានធ្វើឲ្យមហាជនជាច្រើន ចូលទៅខមិនរិះគន់ដាក់ឲ្យយ៉ាងចាស់ៗដៃតែម្តង។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យបែបនេះថា៖ «លែងយល់ស្រុកខ្ញុំ អ្នកមានអ្នកល្បីជាគំរូគេ យូរៗទៅលែងដឹងអី, ផ្លូវល្បឿនលឿននៅស្រុកខ្មែរ អាចឈប់ថតចឹងបានអត់ដែលដឹង? នៅស្រុកគេបើមិនប៉ូលីសមកអូសទាំងម្ចាស់ ទាំងឡានទៅរៀនសូត្រភ្លាមៗឡូវហ្នឹង ព្រោះវាបង្កគ្រោះថ្នាក់ មួយទៀតប្រាកដជាដេកស្អាតម៉ង បើហ៊ានមកសែលហ្វីលើផ្លូវល្បើនលឿនរបៀបនេះ, ឡូយណាស់ ផ្លូវល្បឿនលឿនស្រុកខ្មែរអាចឈប់ថតបាន ថតហើយបង្ហោះអួតថានរណាហ៊ានធ្វើអីអញ មើលតែឡានដឹងហើយអាវ៉ា, សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំអាងមានឡានល្អ យកច្បាប់មកលេងសើច! ជីវិតគេ ជីវិតយើង នៅតាមដងផ្លូវ សូមពិចារណាឲ្យបានសព្វជ្រុងជ្រោយផង!, តើអ្នកស្រីមានដឹងទេថាទង្វើរអ្នកស្រីវាខុសច្បាប់ ហើយអាចបង្ករអោយមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ផ្លូវនេះទេ?…»។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន គឺត្រូវបានដាក់ឲ្យប្រើប្រាស់ ដោយតម្រូវឲ្យអ្នកបើកបរទាំងឡាយ ត្រូវគោរពតាមគោលការណ៍ដែលបានកំណត់ដោយក្រសួងសាធារណការជាកំហិត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ផ្សេងៗសម្រាប់ខ្លួនឯង និងអ្នករួមដំណើរតាមដងផ្លូវផងដែរ។ ជាពិសេសនោះ គឺបើកបរហាមឈប់នៅតាមដងផ្លូវដើម្បីថតរូប (សែលហ្វី) និងមិនត្រូវបើកបញ្ច្រាសត្រឡប់ក្រោយជាដាច់ខាត។
ទោះជាយ៉ាងណា សម្រាប់ករណីថតរូបសម្ញែងសម្រស់ ជាមួយរថយន្តទំនើប ពីសំណាក់អ្នកជំនួញដ៏មានឥទ្ធិពលនៅលើបណ្តាញសង្គមរូបនេះ គេមិនទាន់ឃើញខាងក្រសួងបង្ហាញប្រតិកម្ម ដើម្បីមានចំណាត់ការផាកពិន័យ ឬ គ្រាន់តែធ្វើការអប់រំយ៉ាងណា នៅឡើយនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














