នៅថ្ងៃទី ១៧ ខែកក្កដា លើបណ្តាញសង្គមមានបង្ហោះវីដេអូថតរូបភាពភ្ញៀវទេសចរ ប្រុសស្រី១គូ សញ្ជាតិបារាំង បានជិះស៊ីក្លូ លេងជុំវិញបឹងនៅកណ្តាលក្រុង ហើយចុងក្រោយត្រូវទទួល “លុយសែន” ដែលអ្នកធាក់ស៊ីក្លូអាប់ឲ្យវិញ ។
តាមនោះពួកគេជិះអស់ប្រាក់ ៦០០.០០០ដុង សម្រាប់រយៈពេល១ម៉ោង ។ ពេលចប់ម៉ោង អ្នកទាំងពីរ បានហុចឲ្យអ្នកធាក់ស៊ីក្លូ ១,៥លានដុង ហើយគេអាប់ឲ្យវិញ ៩០០.០០០ដុង ដែលសុទ្ធសឹងជាលុយសែន (ក្រដាសប្រាក់ ៥០០.០០០ដុង ១សន្លឹក និង ២០០.០០០ ដុង ២សន្លឹក) ។ ឥឡូវប៉ូលិសកំពុងប្រកាសរកមុខអ្នកធាក់ស៊ីក្លូ ត្រូវភ្ញៀវថតជាប់ (នៅពីក្រោយបុរសបារាំងពាក់អាវក្រហម) ។
អ្នកធាក់ស៊ីក្លូ នឹងប្រឈមទោស ដោយក្រដាសប្រាក់ក្លែងក្លាយ ហើយគុកក៏មិន…តិចឆ្នាំដែរ ។
ក្នុងហេតុការណ៍១ទៀត ស្រីបរទេសម្នាក់បានប្តឹងថា ៖ តើជឿទេ គេចេះតែយកនំមកដាក់ពីមុខខ្ញុំ ហើយចាប់យកនំដាក់ក្នុងថង់ឲ្យទៀត (ទាំងខ្ញុំពុំទិញផង) ។ ទើសទាល់ចិត្តពេកក៏ដកកាបូបសងលុយបន្តិចឲ្យចប់ ស្រាប់តែគេទាញយកក្រដាសប្រាក់ ៥០០.០០០ដុង ១សន្លឹក និង ២០០.០០០ដុង ១សន្លឹក ហើយដើរចេញទៅយ៉ាងព្រងើយ ! អ្នកជឿទេ!? ។
នំជើងជ្រូក ១ថង់តម្លៃ ៧០០.០០០ដុង (ជាង ៣០ USD) ។
មិនដឹងស្រុកយើងមានបែបនេះដែរឬទេ ។ យ៉ាងណាគប្បីប្រយុងប្រយ័ត្នកុំឲ្យខូច…ពូជ ៕ លីសា