សារព័ត៌មាន Dailymail បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល ៥ និង ១០ នាទីល្ងាច ថ្ងៃទី ១ ខែសីហា អគ្គីភ័យបានឆាបឆេះអគារ ១៦ ជាន់ នៅទីក្រុង Almaty ដែលជាទីក្រុងធំជាងគេក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈផ្សែងអាចត្រូវបានមើលឃើញហុយចេញពីអាគារក្នុងស្រទាប់ដ៏ក្រាស់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃអគ្គីភ័យនេះ ខ្សែភ្លើងបានដំណើរការខុសប្រក្រតី បណ្តាលឲ្យជណ្តើរយន្តដាច់ចរន្តអគ្គិសនីទាំងស្រុង ហើយជណ្តើរសង្គ្រោះបន្ទាន់ក៏ត្រូវបានបិទផងដែរ ដែលធ្វើឱ្យអ្នកស្រុកមិនអាចរើចុះក្រោមបាន។ ទោះជាយ៉ាងណា បន្ទាប់ពីមានការខិតខំប្រឹងប្រែងជាច្រើនរួចមក មនុស្សប្រហែល ៣០០ នាក់ ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែង។ តែទន្ទឹមនឹងនោះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជាន់ខ្ពស់ ត្រូវបង្ខំចិត្តរត់គេចពីបង្កាន់ដៃផ្ទះរបស់ពួកគេទាំងប្រថុយគ្រោះថ្នាក់បំផុត ខណៈភ្លើងបានឆេះកាន់តែខ្លាំង។
ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ វីដេអូដ៏រន្ធត់មួយ ក៏បានបង្ហាញពីប្តីប្រពន្ធមួយគូនេះ បានព្យាយាមរត់គេចខ្លួន ជាមួយកូនប្រុសពៅរបស់ពួកគេ ដោយព្យាយាមរក្សាកូននៅខាងក្រៅបង្អួច ដើម្បីរង់ចាំការជួយសង្គ្រោះ។
ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក ស្ត្រីជាម្តាយបង្ខំចិត្តបោះកូនពីកម្ពស់ប្រហែល ៣០ ម៉ែត្រ ចុះមកក្រោម ខណៈប្រជាពលរដ្ឋជាច្រើននាក់នៅខាងក្រោម ក៏ប្រញាប់ទាញពូកសង្គ្រោះមករង់ចាំត្រងកូនរបស់ពួកគេភ្លាមៗ ពេលម្ដាយព្រលែងដៃ ធ្លាក់ចុះមក។
ជាសំណាងល្អ ក្មេងប្រុសតូចនោះ បានធ្លាក់ដល់ពូកសុវត្ថិភាព ដោយសារការជួយពីអ្នកគ្រប់គ្នា។ ក្រោយមក ឪពុកម្តាយ និងក៏ដូចជាអ្នករស់នៅលើអគារជាច្រើននាក់ ក៏បានឡើងតាមបង្អួច ហើយលោតលើពូកដែលលាតសន្ធឹងនៅខាងក្រោមផងដែរ។
ទោះជាយ៉ាងណា អគ្គីភ័យឆាបឆេះអគារ ១៦ ជាន់នេះ ពុំបណ្តាលឲ្យមានអ្នកស្លាប់នោះទេ ខណៈមនុស្សចាស់ប្រហែល ៣១ នាក់ រួមទាំងកុមារ ១៦ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង