Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធស្រូវអង្ករកម្ពុជា៖ អង្ករកម្ពុជារំពឹងថា នឹងមានឱកាសនាំចេញបានកាន់តែច្រើននៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖ បន្ទាប់ពីប្រទេសឥណ្ឌាកាត់បន្ថយការនាំចេញអង្ករនោះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មាន​ក្តីរំពឹង និងបានអះអាងថា បើសិនប្រទេសឥណ្ឌាកាត់បន្ថយការនាំចេញអង្ករសធម្មតានោះ គឺប្រទេសដែលផលិតស្រូវធំៗ ដូចជា កម្ពុជា, ថៃ, វៀតណាម និងមីយ៉ាន់ម៉ា មានឱកាសលក់អង្ករនៅលើទីផ្សារក្រៅប្រទេសកាន់តែច្រើនជាងមុន ខណៈដែលប្រទេសកម្ពុជា មិនខ្វះស្បៀងនោះទេ ពោលគឺមានតែផលិតលើសផែនការ។

ប្រទេសឥណ្ឌា ដែលមានចំនួន ៤០% នៃការនាំចេញអង្ករពិភពលោក បានបញ្ជាឱ្យបញ្ឈប់នូវប្រភេទអង្ករសធម្មតា ដែលនាំចេញដ៏ច្រើនបំផុតរបស់ខ្លួន កាលពីជាងមួយសប្តាហ៍មុន ដើម្បីទប់ស្កាត់តម្លៃក្នុងស្រុក ដែលបានឡើងដល់កម្រិតខ្ពស់ជាច្រើនឆ្នាំក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារអាកាសធាតុមិនប្រក្រតីបានគំរាមកំហែងដល់ផលិតកម្មកសិកម្ម។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់ប្រទេសនៅអាស៊ានដែលជាប្រទេសផលិតស្រូវមិនទាន់មានបញ្ហាអ្វីទេ ដូច្នេះកម្ពុជា កំពុងតែតាមដានមើលថា តើអតិផរណាទៅលើប្រទេសណាខ្លះ ដែលមានវិបត្តិស្បៀងខ្លាំង ខណៈដែលមកដល់ពេលនេះឥណ្ឌាអាចរៀបចំយុទ្ធសាស្ត្រថ្មី ឬក៏យ៉ាងណានោះ? គឺយើងមិនទាន់ដឹងច្បាស់ពីឥណ្ឌានៅឡើយទេ អំពីផ្ទៃក្នុងរបស់ឥណ្ឌា។

ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២លានតោនក្នុងមួយឆ្នាំ គឺលើស ៦លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨ នៅលើពិភពលោក។

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះ បានឲ្យដឹងថា កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោកជាពិសេសនៅពេលដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតា ដើម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជា បានសម្រេចការនាំចេញអង្ករបានប្រមាណជិត ៣៣ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០។ ក្នុងនោះកម្ពុជា រកចំណូលបានពីការនាំចេញអង្ករប្រមាណ ២២៩ លានដុល្លារអាមេរិក៕

×