ភ្នំពេញ៖ក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់សម្តេចតេជោ ហ៊ុន សែន៖ គាំទ្រការសម្រេចរបស់តុលាការកំពូល។ សម្តេចបានអំពាវនាវពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ផ្ទាល់មាត់រយៈពេលជិត២០នាទី នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវផ្ទាល់មាត់ជាមួយខ្លឹមសារសំខាន់ៗដូចតទៅ។ក្នុងនាមជាស្ថាប័ននីតិប្រតិបត្តិ រាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ នូវដីកាសម្រេចរបស់តុលាការកំពូល ដែលកាត់ទោសរំលាយ គណបក្សសង្គ្រោះជាតិ។ ការសម្រេចនេះ នឹងការពារដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍បស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ក្រោយពេលរំលាយ គណបក្សសង្គ្រោះជាតិ ហើយសម្តេចប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេស។ ការបោះឆ្នោតនឹងនៅតែបន្តធ្វើជាបន្តបន្ទាប់តាមការកំណត់នៅពេលខាងមុខ ក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រជាដើម។
ទោះជាអវត្តមានគណបក្សនយោបាយមួយ ប៉ុន្តែកម្ពុជានៅតែមានគណបក្សដទៃជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សកម្មជន និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅតែមានសេរីភាពពេញលេញ ក្នុងការធ្វើនយោបាយ លើកលែងតែសមាជិកជាន់ខ្ពស់ ដែលត្រូវតុលាការដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តស្រុកខណ្ឌ នៅទូទាំងប្រទេសថា បងប្អូននៅមានពេលវេលា នៅឡើយ។ បន្ទាប់ពី គណបក្សសង្គ្រោះជាតិ ត្រូវរំលាយ រយៈពេល២សប្តាហ៍យ៉ាងយូរ ទើបត្រូវរៀបចំបែងចែកអសនៈ ដូច្នេះបងប្អូនមានពេល១សប្តាហ៍ ទៅ២សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្តចុះ ចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយ។ បើសិនជាបងប្អូន ចង់នៅតែបន្តតួនាទីរបស់ខ្លួន សម្តេចតេជោ សូមប្រកាសបន្តស្វាគមន៍ ក្នុងការចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សមាជិកគណបក្សសង្គ្រោះជាតិ ដែលនៅមូលដ្ឋាន មិនត្រូវចាត់ទុក ការអំពាវនាវរបស់សម្តេច ជាការទិញដូរនោះទេ ប៉ុន្តែត្រូវចាត់ទុកថា ជាឱកាសដែលផ្តល់ជូនពួកខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលមិនចុះចូលជាមួយ គណបក្សណាមួយ កុំលាក់ខ្លួន ហើយដោះស្រាយកិច្ចការដែលនៅសេសសល់ ដូចជាប្រគល់ត្រា និងសម្ភារៈផ្សេងៗ ជូនដល់អ្នកកាន់តំណែងថ្មី ដែលនឹងមកដល់នៅ ពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានដល់សមាជិកគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន កុំធ្វើសកម្មភាពណាមួយ ដែលនាំឱ្យមានទោសព្រហ្មទណ្ឌថែមទៀត ក្រោយគណបក្សត្រូវបានរំលាយ។សម្តេចប្រកាសប្រាប់ទៅបរទេសថា យើងកំពុងអនុវត្តច្បាប់ប្រទេសរបស់យើង បើទោះបីមានអ្វីកើតឡើងក៏ដោយ អ្នកទាំងនោះ មិនត្រូវធ្វើអ្វីដូចអតីតកាល ដូចជាគាំទ្រ លោក លន់ នល់ នោះទេ។ សម្តេចសង្ឃឹមថា បរទេសទាំងអស់ នឹងមិនប្រព្រឹត្តនូវរឿងច្រំដែល ដូចអតីតកាលនោះទេ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋ ដែលបានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ៤០ឆ្នាំមកនេះ នឹងទទួលបានផល ប្រយោជន៍ពីសន្តិភាព និងការអភិវឌ្ឍន៍ នៅកម្ពុជាតទៅទៀត។សម្តេចតេជោបានថ្លែងថា នៅពេលនេះ សមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលតុលាការមិនហាមឃាត់ អាចមានសេរីភាព ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សដទៃ ឬទៅបង្កើតគណបក្សដោយខ្លួនឯងបាន៕ ដោយ៖បញ្ញាស័ក្តិ