Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉៖ លទ្ធផលបោះឆ្នោត ជំរុញទឹកចិត្តក្រុមវិនិយោគចិននៅក្រុងណឹងប៉ មក ស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន ១៥ មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈជាង ៤០ក្រុមហ៊ុនទៀត នឹងមកនៅពាក់កណ្តាលខែសីហានេះ។ លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉នៃប្រទេសចិន បានដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុននេះ ដែលមកពីឧស្សាហកម្មចម្រុះវិស័យ ដែលមានបំណងស្វែងយល់អំពីសក្តានុពលវិនិយោគជាក់ស្តែងនៅប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) និងសមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។

លោក Boris Xue បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះលទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ ហើយដែលលទ្ធផលនៃការបោះឆ្នោតនេះ បានជំរុញទឹកចិត្តក្រុមវិនិយោគិនចិននៅក្រុងណឹងប៉ ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

 ឯកឧត្តម ជា វុទ្ធី បានជម្រាបជូន ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិនថា នេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែល ក.អ.ក. ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានបញ្ចប់ដោយរលូន, សន្តិភាព, មានយុត្តិធម៌ និងតម្លាភាព។

ឯកឧត្តម មានជំនឿចិត្តថា គណៈប្រតិភូ នឹងចាប់យកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគលើវិស័យគន្លឹះនានាដែលកម្ពុជាមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន  ដើម្បីចាប់យកទីផ្សាររួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ៕

×