នេះជាខណៈពេលដ៏ស្លុតរន្ធត់យ៉ាងខ្លាំង នៅពេលដែលបានឃើញស្តែងៗ កីឡាករបាល់ទាត់ជម្រើសជាតិកូស្តារីកាម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវក្រពើដ៏ធំមួយក្បាល បានលេបត្របាក់ ខណៈពេលគាត់ចុះមុជទឹកក្នុងទន្លេ។
Jesus Alberto Lopez Ortiz ដែលមានរហស្សនាមថា “Chucho” បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់ត្រូវបានសត្វក្រពើសម្លាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ខណៈគាត់ចុះងូតទឹកឲ្យត្រជាក់ខ្លួន នៅក្នុងទន្លេនៃទីក្រុង Río Cañas ខេត្ត Guanacaste ប្រទេស Costa Rica។
ពិតជាស្តែងៗ និងគួរឲ្យរន្ធត់ ខណៈវីដេអូមួយ បានបង្ហាញសត្វក្រពើដ៏ធំនោះ បានកំពុងអូសសាកសពជនរងគ្រោះ នាំយកទៅឆ្ងាយ បន្ទាប់ពីគាត់បានព្យាយាមប្រយុទ្ធដើម្បីជីវិត នៅក្នុងទឹក។
អ្នកស្រុកនិយាយថា ពួកគេបានបើកទូកដេញតាមវា ដើម្បីយកសាកសពរបស់ Chucho ប៉ុន្តែ ក្រពើនេះវាមិនព្រលែងជនរងគ្រោះនោះទេ។ ហេតុនេះ ដោយគ្មានជម្រើសអ្វីផ្សេង ពួកគេក៏សម្រេចចិត្តបាញ់សម្លាប់ក្រពើនេះនៅក្នុងទឹកតែម្តង ហើយបាននាំយកវា និងសាកសពជនរងគ្រោះទៅច្រាំងទន្លេ។
សូមបញ្ជាក់ថា ជនរងគ្រោះ គឺជាកីឡាករបាល់ទាត់ដ៏ច្នើមម្នាក់របស់ក្លឹប Deportivo Rio Cañas ដែលបន្សល់ទុកកូនតូចៗរបស់គាត់ចំនួន២នាក់ ដែលមានអាយុ ៣ និង ៨ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង